(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុស្ស និងប្រជាពលរដ្ឋនៅឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង និងកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់អគារសិក្សា​១ខ្នង ៥បន្ទប់ នៅស្រុកពោធិ៍រៀង ដែលជាការឧបត្ថម្ភដោយលោក​ស្រី​ សៅ ស្រីនាង និងលោកស្រី សៅ ស្រីកា ព្រមទាំងក្រុមគ្រួសារ មានតម្លៃ​៣៨,៩៦៨ដុល្លារ។

លោកអភិបាលខេត្ត បានលើកឡើងថា គឺជាទឹកចិត្តដ៏វិសេសវិសាល ដែលប្រជាពលរដ្ឋខ្មែរ​សហការជួយគ្នា ក្នុងការអភិវឌ្ឍប្រទេសជាតិ រួមជាមួយរាជរដ្ឋាភិបាល សំដៅបណ្តុះបណ្តាលធនធានមនុស្សឲ្យបានរឹងមាំ ពីថ្នាក់បឋមសិក្សា រហូតដល់មហាវិទ្យាល័យ ​ដើម្បីឲ្យមានជំនាញពិតប្រាកដជួយថែរក្សាសន្តិភាព ជួយអភិវឌ្ឍ​ប្រទេសជាតិ​បានរុងរឿងជាលំដាប់។

ជាមួយគ្នានោះ លោក ជា សុមេធី ​​បានផ្តាំផ្ញើ​ដល់មាតា បិតាទាំងអស់ ត្រូវនាំកូនមកចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗ ​កុំ​ឲ្យកូនចៅបោះបង់ការសិក្សា ពីព្រោះនៅក្នុងខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ទាំងអស់​មានសាលារៀនគ្រប់គ្រាន់ មានសន្តិភាពពេញលេញ ​មានជីវភាពសមរម្យគ្រប់ៗគ្នា ដូចច្នេះត្រូវបញ្ជូនកូនឲ្យមកសិក្សា ដើម្បីអនាគតកូន ក្រុមគ្រូសារ និងប្រទេសជាតិ។

​លោកអភិបាល បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាប្រជាពលរដ្ឋការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថភាពទាំង០៩ចំណុចឲ្យបានល្អ ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អ ហើយត្រូវយកចិត្តទុកដាក់បម្រើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា៕