(ភ្នំពេញ)៖ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់រយៈពេលប៉ុន្មានខាងមុខនេះ គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចុះផ្សព្វផ្សាយដល់អ្នកធ្វើដំណើត តាមផ្លូវជាតិលេខ១ ដើម្បីអប់រំ និងណែនាំអ្នកបើកបរឱ្យមានការប្រុងប្រយ័ត្ន។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា ក្នុងពិធីផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះថា ការចុះអប់រំផ្សព្វផ្សាយថ្ងៃនេះ ព្រោះថាជិតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ ថ្ងៃបុណ្យចូលឆ្នាំពលរដ្ឋ នឹងចេញទៅដើរកំសាន្តតាមបណ្តារមណីយដ្ឋាននានាច្រើន ដូច្នេះបានជាអគ្គលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសហការជាមួយអង្កការ AIP រួមនឹងនិស្សិតមកពីបណ្តាសកលវិទ្យាចំនួន៤ បានធ្វើការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរ។

លោកស្រី មឹន មាណវី បានបន្តថា ការផ្សព្វផ្សាយនេះ ក៏ជាការក្រើនរំលឹក និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលអ្នកខ្លះធ្វើការភ្លេចខ្លួន ដូចជាបើកបរម៉ូតូ មិនបានពាក់មួកសុវត្ថិភាព ការបើកបររថយន្តមានល្បឿនលឿន និងគ្មានការប្រុងប្រយ័ត្ន ដែលបណ្តាលឱ្យគ្រោះថ្នាក់។

លោកស្រីបានបញ្ជាក់ «បញ្ហានេះហើយបានជាយើងត្រូវធ្វើការផ្សព្វផ្សាយមួយចុះរំលឹកគាត់ ដែលយ៉ាងហោចណាឲ្យពួកគាត់យល់ឃើញថា គាត់ត្រូវតែប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរកំសាន្ត ទៅណាមកណានៅក្នុងរដូវចូលឆ្នាំថ្មីនេះ។ ហើយអ្វីដែលយើងចុះផ្សព្វផ្សាយថ្ងៃនេះ ក៏ជាការរំលឹក ក្នុងការគោរពច្បាប់ចរាចរណ៍ផងដែរ»

ជាមួយគ្នានោះដែលលោកស្រីក៏បានឱ្យដឹងថា ការចុះផ្សាយពីសុវត្ថិភាពចរាចរណ៍ នឹងធ្វើនៅថ្ងៃទី៩ ដល់ថ្ងៃទី១២។ ដោយថ្ងៃទី៩ ធ្វើនៅផ្លូវជាតិលេខ១ ថ្ងៃទី១០ ធ្វើនៅផ្លូវជាតិលេខ៥ និងថ្ងៃទី១១ ធ្វើនៅផ្លូវជាតិ៦ និងថ្ងៃទី១២ មេសា នឹងធ្វើលេខ៤។

យ៉ាងណាក្តីលោកស្រីក៏បានអះអាងថា ក្នុងរយៈពេលចុងក្រោយនេះ ពលរដ្ឋភាគច្រើន បានធ្វើការកែប្រែ និងគោរពច្បាប់ចរាចរណ៍មួយចំនួនធំ ទើបគ្រោះថ្នាក់ចរាចរណ៍មានចំនួនថយចុះ។

លោកស្រីបញ្ជាក់ថា «ពលរដ្ឋយើងបានចូលរួមគោរពច្បាប់ហើយ ប៉ុន្តែនៅមានបញ្ហាខ្លះ ដូចជាគាត់អាងថាគាត់ប្រញាប់ ឬអាងម៉ូតូគាត់ថ្មី ធ្វើការវ៉ាជែង ទៅមុនទើបបង្កឱ្យមានគ្រោះថ្នាក់»

ចំណែកតំណាងអង្កការមូលនិធីបង្កការរបួសអាស៊ី ហៅកាត់ថា AIP លោកស្រី ឃុន ច័ន្ទថា បានលើកឡើងថា ជារៀងរាល់ឆ្នាំគណៈកម្មការជាតិ និងអង្គការតែងតែធ្វើការផ្សព្វផ្សាយពីសុវត្ថិភាព ចរាចរណ៍ដល់ពលរដ្ឋដែលកំពុងធ្វើដំណើរ ដោយមានការចូលរួមពីនិស្សិតមកពីបណ្តាល សកលវិទ្យាល័យមួយចំនួននៅក្នុងរាជធានីភ្នំពេញ។

លោកស្រី ឃុន ច័ន្ទ បានថាបន្តថា ការផ្សព្វផ្សាយអប់រំពីសុវត្ថិភាពចរាចរណ៍ បានចូលរួមចំណែកពីអត្រាស្លាប់របស់អ្នកធ្វើដំណើរតាមដងផ្លូវ។ សូមជម្រាបថា ក្នុងការចុះផ្សាយនេះ ដែលក៏មានការសួរសំណួរ ដល់អ្នកធ្វើដំ ណើរនូវច្បាប់ចរាចរណ៍ផ្លូវគោក ដោយទទួលបានមួកសុវត្ថិភាពផងដែរ៕