(ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខប្រចាំខែមេសា ឆ្នាំ២០១៨ និងប្រាក់ឧបត្ថម្ភចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង៨៖០០ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅទូទាំងប្រទេស។

ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ អតីតយុទ្ធជនទាំងអស់ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ ​នៅទូទាំងប្រទេស។

បន្ថែមពីលើនេះ ថ្នាក់ដឹកនាំបេឡាជាតិអតីតយុទ្ធជនបានប្រាប់អង្គភាពព័ទ៌មាន Fresh News ឲ្យដឹងថា «ចាប់ពីខែមេសាឆ្នាំ២០១៨នេះតទៅ បងប្អូនអតីតយុទ្ធជនដែលជា ជនពិការ, និវត្តជន, ជនបាត់បង់សមត្ថភាពការងារ ប្រាក់របបសន្តិសង្គមប្រចាំខែ នឹងទទួលបានយ៉ាងទាបបំផុតត្រឹម ៤៨០,០០០ រៀល (បួនរយប៉ែតសិបពាន់រៀលគត់) ហើយ សម្រាប់ខែមេសានេះ ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលខិតជិតមកដល់ឆាប់ៗនេះ រាជរដ្ឋាភិបាល បានផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ៥០,០០០ រៀល (ហាសិបពាន់រៀលគត់) ជូនដល់ជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារផងដែរ»។

បើតាមសេចក្តីជូនដំណឹង ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិអតីតយុទ្ធជន តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ២១៣ ៥៨០៕