Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនដ៏ធំរបស់ចិន គ្រោងបន្តបោះទុនវិនិយោគបន្ថែម លើវិស័យអចលនទ្រព្យនៅកម្ពុជា ឲ្យកើនឡើងដល់៥ពាន់លានដុល្លារ

09-04-2018 18:24

(ភ្នំពេញ)៖ ក្រុមហ៊ុនដ៏ធំមួយរបស់ចិន កំពុងវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា គ្រោងបន្តបោះទុនវិនិយោគបន្ថែម ក្នុងឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា ឱ្យកើនដល់៥ពាន់លានដុល្លារនៅរយៈពេល១០ឆ្នាំខាងមុខនេះ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការ នៃវិស័យសំណង់។

លោក Li Min តំណាងក្រុមហ៊ុនព្រីនស៍ រៀល អេស្ទេត ថ្លែងក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ និងខួប៣ឆ្នាំរបស់ក្រុមហ៊ុននៅកម្ពុជា នាពេលថ្មីៗនេះ បានបញ្ជាក់ថា វត្តមានជាង៣ឆ្នាំក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ក្រុមហ៊ុនបានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស លើការវិនិយោគ ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយក្នុងនោះក្រុមហ៊ុន បានវិនិយោគលើគម្រោង អគារខុនដូរ និងដីធ្លី ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាច្រើនទីតាំងផងដែរ ជាមួយនឹងទុនវិនិយោគសរុបជាង១,២០០លានដុល្លារ។

លោកថា គិតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនមានបុគ្គលិក សរុបប្រមាណ៦០០នាក់ ជាមួយនឹងទុនវិនិយោគសរុបជាង១.២០០លានដុល្លារ មានដីបម្រុង ទុកសម្រាប់អភិវឌ្ឍន៍៣៦០ហិកតា ដែលស្មើនឹងទំហំសំណង់សរុបជាង៥លានម៉ែត្រការ៉េ។

លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានសម្ដែងការសាទរ ចំពោះសមិទ្ធផលនានារបស់ក្រុមហ៊ុនព្រីនស៍ រៀល អេស្ទេត គ្រុប ក្នុង វិស័យអចលនទ្រព្យនៅកម្ពុជា ខណៈដែលវិស័យនេះ កំពុងមានការរីកចំរើនយ៉ាង ឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវិស័យនេះ នឹងនៅតែបន្តការរឹងមាំទៅមុខជា ច្រើនឆ្នាំបន្ថែមទៀត៕