(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ ជប៉ុនបានសន្យាផ្តល់ហិបឆ្នោត មធ្យោបាយដឹកជញ្ជូន និងថវិកាសម្រាប់ផ្ទេរប្រព័ន្ធ Server ពីទីតាំង គ.ជ.ប បច្ចុប្បន្ន ស្ថិតនៅក្នុងក្រសួងមហាផ្ទៃ ទៅអគារ គ.ជ.ប ថ្មី ក្បែររង្វង់មូលសម្តេចសង្ឃ ជួន ណាត។

លោក ស៊ិក ប៊ុនហុក បានថ្លែងបែបនេះ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារជាមួយលោក យូគីអូ សៃតា (Yukio Saita) អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេសជប៉ុន នៅសាលប្រជុំ គ.ជ.ប។ លោក ស៊ិក ប៊ុនហុក បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ បានសន្យាផ្តល់ហិបឆ្នោត មធ្យោបាយដឹកជញ្ជូន និងថវិកាសម្រាប់ផ្ទេរប្រព័ន្ធ Server ពីទីតាំង គ.ជ.ប បច្ចុប្បន្ន ទៅអគារ គ.ជ.ជ ថ្មី»

ពាក់ព័ន្ធការផ្តល់ជំនួយនេះ ប្រធាន គ.ជ.ប បានបន្តថា អ្នកជំនាញការជប៉ុន JICA បានសហការយ៉ាងសកម្មជាមួយ គ.ជ.ប បន្ទាប់ពីការបោះឆ្នោតកន្លងមកនេះ ជាពិសេសកាលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។

ជាការឆ្លើយតប លោក យូគីអូ សៃតា បញ្ជាក់ឱ្យដឹងថា លោកបានយល់យ៉ាងច្បាស់អំពីដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ របស់គ.ជ.ប។ លោកបានបន្តទៀតថា ប្រទេសជប៉ុន បានជួយកម្ពុជានៅលើវិស័យជាច្រើន ជាពិសេសជួយក្នុងការបោះឆ្នោតជារឿងសំខាន់ខ្លាំងណាស់។ ប្រទេសជប៉ុន បានបញ្ជូនអ្នកជំនាញការ ដែលធ្វើការផ្ទាល់ជាមួយ គ.ជ.ប គឺមានតម្លៃដ៏ប្រសើរ ដែលលោកសង្ឃឹមថា ជាបទពិសោធន៍ដ៏ល្អសម្រាប់ គ.ជ.ប ហើយសង្ឃឹមថាកិច្ចសហការយ៉ាងល្អនេះនឹងបន្តទៀត។

ចំពោះចុងក្រោយនេះ លោក ស៊ិក ប៊ុនហុក បានបញ្ជាក់យ៉ាងច្បាស់ថា គ.ជ.ប តែងតែមានការសហការយ៉ាងល្អ យ៉ាងស្មោះត្រង់ និងស្វាគមន៍អនុសាសន៍របស់អ្នកជំនាញការជប៉ុន និងអ្នកជំនាញការនានា ដើម្បីរៀបចំការបោះឆ្នោតឱ្យកាន់តែប្រសើរស្របតាមច្បាប់អនុញ្ញាត ព្រមទាំងដកស្រង់បទពិសោធន៍ពីប្រទេសជឿនលឿននានា ដើម្បីជាត្រីវិស័យការងាររបស់ គ.ជ.ប៕