(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា វិស័យឧស្សាហកម្ម និងសិប្បកម្មបានរីកលូតលាស់ជាបន្តបន្ទាប់ ដែលក្នុងនេះ មានរោងចក្រសរុបចំនួនជាង១៥០០រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្មមធ្យម តូច និងសិប្បកម្មជាង៣៩ពាន់មូលដ្ឋាន ដែលបានស្រូបកម្លាំងពលកម្មសរុបប្រមាណជាង១លាននាក់។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះ តាមរយៈសារលិខិតមួយជូនជនរួមជាតិ នៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «រហូតមកដល់បច្ចុប្បន្ននេះ នៅព្រះរាជាណាចក្រកម្ពុជា វិស័យឧស្សាហកម្ម និងសិប្បកម្មបានរីកលូតលាស់ ជាបន្តបន្ទាប់ដែលក្នុងនេះ មានរោងចក្រសរុបចំនួនជាង១៥០០រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្មមធ្យម តូច និងសិប្បកម្មជាង ៣៩ពាន់មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណជាង១លាននាក់»។
ពាក់ព័ន្ធនឹងការរីកចម្រើននេះនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថា ស្របនឹងការរីកចម្រើនវិស័យឧស្សាហកម្ម និងសិប្បកម្ម រាជរដ្ឋាភិបាលបានយកចិត្ត ទុកដាក់ចំពោះកម្មករ និយោជិត ដែលកំពុងបម្រើការងារក្នុងវិស័យឯកជន ដោយបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ នយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងកើនឡើងដល់១៧០ដុល្លារអាមេរិក នៅឆ្នាំ២០១៨ ដោយមិនទាន់គិតទៅដល់ការទទួលបាន នូវអត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានគិតគូរ និងដោះស្រាយជូនបងប្អូននិយោជិត កម្មករ កម្មការិនីនូវអត្ថប្រយោជន៍ ជាច្រើនទៀតដូចជាការពិនិត្យសុខភាព ការព្យាបាលជំងឺដោយមិនគិតថ្លៃ នៅតាមមន្ទីរពេទ្យរបស់រដ្ឋ និងការធ្វើដំណើរតាម រថយន្តក្រុងសាធារណៈមិនគិតថ្លៃផងដែរ៕