(ភ្នំពេញ)៖ លោក ឯក សុនចាន់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នេះ បានចុះកិច្ចព្រមព្រៀងជាមួយ លោក Yuichi Sugano ប្រធានទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា(JICA) លើគម្រោងពង្រឹងសមត្ថភាពរដ្ឋបាល សម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនក្នុងប្រទេសកម្ពុជា។ ការចុះហត្ថលេខានេះ បានធ្វើឡើងនៅសាលប្រជុំបក្សីចាំក្រុងនៃក្រសូងឧស្សាហកម្មនិងសិប្បកម្ម។
បើយោងតាមសេចក្តីប្រកាសរបស់ JIKA បានឲ្យដឹងថា គម្រោងនេះមានគោលបំណងពង្រឹងផ្នែកអភិបាលកិច្ច នៃសេវាផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន ព្រមទាំងរួមចំណែកធ្វើឲ្យសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលបានកំណត់ថាត្រឹមឆ្នាំ២០៣០ ប្រជាជនទូទាំងពិភពលោក នឹងទទួលបានដោយសមធម៌នូវទឹកស្អាតដែលមានសុវត្ថិភាព និងតម្លៃសមរម្យ ក៏ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដែលកំណត់ថាត្រឹម២០២៥ ប្រជាជនកម្ពុជាដែលរស់នៅតាមទីប្រជុំជន១០០% នឹងទទួលបានការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព សុត្ថិភាព និងតម្លៃសមរម្យ ។
គម្រោងសហប្រតិបត្តិការបច្ចេកទេសលើកទី៤នេះ ត្រូវបានបង្កើតឡើងរួមគ្នាដោយក្រសួងឧស្សាហកម្មនិងសិប្បកម្ម និង JICA ក្នុងគោលបំណងពង្រឹងសមត្ថភាព អគ្គនាយកដ្ឋានទឹកស្អាត ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន និងបទបញ្ញតិ្តផ្សេងៗទៀត។
ហើយគម្រោងនេះ នឹងចូលរួមនូវចំនុចសំខាន់ៗចំនួន៣ រួមមាន៖
១៖ ពង្រឹងសមត្ថភាពអគ្គនាយកដ្ឋានទឹកស្អាត ក្នុងការតាក់តែង និងពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន និងបទបញ្ញតិ្តផ្សេងៗ និងការគ្រប់គ្រងប្រតិបត្តិករទឹកស្អាត
២៖ បង្កើនសមត្ថភាពអគ្គនាយកដ្ឋានទឹកស្អាតក្នុងការណែនាំ និងត្រួតពិនិត្យរដ្ឋាករទឹកខេត្ត
៣៖ បង្កើតប្រព័ន្ធអភិវឌ្ឍធនធានមនុស្សនៅក្នុងអគ្គនាយកដ្ឋានទឹកស្អាត។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលនេះ គឺជាគម្រោងសហប្រតិបត្តិការបច្ចេកទេសទីបួន ដែល JICA ផ្តល់មកប្រទេសកម្ពុជា ដោយគិតចាប់តាំងពីឆ្នាំ២០០៣មក ហើយគម្រោងទី៤នេះ នឹងត្រូវចាប់ផ្តើមអនុវត្តជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០១៨ខាងមុខនេះ។ តាមរយះគម្រោងនេះ បានឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក្នុងការអភិវឌ្ឍវិស័យផ្គត់ផ្គង់ទឹកស្អាតនៅប្រទេសកម្ពុជា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការកាន់តែស៊ីជំរៅ និងទូលំទូលាយបន្ថែមទៀត។
គួររំលឹកថា JICA គឺជាដៃគូរអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបាននឹងកំពុងចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតទាំងផ្នែករឹង និងទន់ នៅប្រទេសកម្ពុជា ហើយបច្ចុប្បន្ននេះ JICA បានសាងសង់បរិក្ខាផ្គត់ផ្គង់ទឹកស្អាតជាច្រើននៅតាមបណ្តាខេត្ត/រាជធានី ដូចជា ខេត្តសៀមរាប បាត់ដំបង កំពង់ចាម កំពត ពោតិ៍សាត់ ព្រះសីហនុ និង រាជធានីភ្នំពេញផងដែរ៕