(កណ្តាល)៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមយុទ្ធនាការបើកថវិកាដល់កម្មករនិយោជិត ដែលម្ចាស់រោងចក្ររត់ចោលចំនួន៤គឺ៖ ហ្គ្រេតអននើ អ៊ីហ្វា ប៊ីណូ និងជុងហ្វៃ ដែលមានកម្មករនិយោជិតសរុបចំនួន ២.៥១៧នាក់ នៅខេត្តកណ្តាល។
អ្នកស្រី គ្រេង ឆេង ជាកម្មការិនីផ្នែកដេរ អស់រយៈពេល២០ឆ្នាំ នៅរោងចក្រហ្គ្រេតអននើ មកពីខេត្តកណ្តាល បានសម្តែងអារម្មណ៍សប្បាយរីករាយ ក្រោយពេលទទួលថវិកានេះ។ អ្នកស្រីនិយាយថា «ខ្ញុំទទួលបានថវិកាចំនួន ១៦៤៩ដុល្លារ ខ្ញុំមិនដែលនឹកស្មានថាគេដោះស្រាយជូនពួកខ្ញុំទេខ្ញុំពិតជាអរគុណសម្តេច ហ៊ុន សែន ណាស់ ដែលបានដោះស្រាយប្រាក់សំណងដែលថៅកែរោងចក្ររត់ចោលដល់ពួកខ្ញុំ ព្រោះជិតចូលឆ្នាំថ្មីហើយ។ បានលុយខ្លះយកទៅស្រុក»។
គួរបញ្ជាក់ដែរថា ការបើកថវិកាដល់កម្មករនិយោជិត ដែលម្ចាស់រោងចក្ររត់ចោលនេះ ជាជំហានដំបូង គឺមាន៤រោងចក្រ ធ្វើឡើងក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ ខែមេសានេះ រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។ សម្រាប់រោងចក្រដទៃទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងជូនដំណឹងនៅពេលក្រោយទៀត។
ជាមួយគ្នានេះផងដែរ ក្រៅពីការបើកថវិកាជូនកម្មករនិយោជិត ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបើកបេសសកម្មទទួលចុះឈ្មោះស្វែងរកការងារសម្រាប់អ្នកដែលមិនទាន់រកការងារបានធ្វើនៅឡើយនៅតាមទីតាំងដែលពួកគាត់មកទទួលថវិកា ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕