(ភ្នំពេញ)៖ អគ្គនាយកក្រុមហ៊ុនដ៏ធំមួយ នៅក្នុងប្រទេសចិន គឺក្រុមហ៊ុន Tain Jin Trade Free Zone បានប្រាប់ និងជំរុញឲ្យរដ្ឋមន្រ្ដីក្រសួងកសិកម្មកម្ពុជា ចាប់យកឱកាសមានដែលសហរដ្ឋអាមេរិក និងចិនកំពុងមានបញ្ហាពាណិជ្ជកម្ម នាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ប្រទេសចិន។
ការបញ្ជាក់បែបនេះ របស់លោកអគ្គនាយកក្រុមហ៊ុនចិន ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាស្តីពី «យុទ្ធសាស្រ្តនៃការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ប្រទេសចិន» ជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រដ្ឋបាលជលផល និងអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ ជាមួយក្រុមហ៊ុន នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ។ នេះបើតាមការចុះផ្សាយរបស់ Facebook ផ្លូវការរបស់ក្រសួងកសិកម្ម។
លោក Wong Yung នាយកក្រុមហ៊ុន Tain Jin Trade Free Zone បានបញ្ជាក់ប្រាប់រដ្ឋមន្ត្រីក្រសួងកសិកម្មថា «ប្រទេសកម្ពុជា មានសក្តានុពលលើវិស័យកសិកម្ម និងជាពិសេសបច្ចុប្បន្នប្រទេសចិន កំពុងតែមានបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដូច្នេះនេះជាឱកាសមាសរបស់កម្ពុជា ដើម្បីពង្រឹងនិងពង្រីកទីផ្សារកសិផលជាមួយមហាមិត្តចិន»។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង សិក្សាពីយន្តការនៃការនាំចេញ កសិផលទៅកាន់ប្រទេសចិន ក្នុងលក្ខណងាយស្រួល រលូន និងលឿនធ្វើយ៉ាងណាឆ្លើយតបឲ្យបានសមស្របទៅ នឹងសេចក្តីត្រូវការទីផ្សារចិនគឺបរិមាណ គុណភាព សុវត្ថិភាព ពេលវេលា និងតម្លៃ។
លោក Wong Young បញ្ជាក់ទៀតថា ក្រុមហ៊ុនលោកមានបំណងធ្វើការវិនិយោគ បង្កើតសួនឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម នៅខេត្តព្រះសីហនុ ដើម្បីប្រមូលទិញកសិផលកែច្នៃ និងនាំចេញដើម្បីបំពេញតម្រូវការទីផ្សារចិនដោយត្រង់ ពិសេសផលិតផលត្រី អង្ករ និងស្វាយ។ល។ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះ កំពុងស្វែងរកការសហការជាមួយ ក្រុមហ៊ុន Hun Ty ដែលបានដាក់ទុនវិនិយោគជាង១០លានដុល្លារអាមេរិក ដើម្បីសាងសង់ហេដ្ឋារចនាសម័ន្ធរោងចក្រ ដូចជាបន្ទប់ក្លាស្សេ និងបង្កកផលិតផល (បន្លែ ផ្លែឈើ ត្រី សាច់) បន្ទប់កែច្នៃ ឃ្លាំងស្តុក អគាររដ្ឋបាល និងហាងសម្រាប់ជួល និងលក់ផលិតផលបោះដុំលើផ្ទៃដី៤ហិកតា ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
លោករដ្ឋមន្រ្តី វេន សាខុន បានសម្ដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកនាយកក្រុមហ៊ុន ដែលបានជ្រើសរើសប្រទេស កម្ពុជាធ្វើជាដៃគូវិនិយោគ លើវិស័យកសិកម្ម ពិសេសការកែច្នៃកសិផលរួចនាំចេញ ព្រោះនេះជាគន្លឹះមួយយ៉ាងសំខាន់ ដែលអាចនាំផលិតផលកសិកម្ម ទៅកាន់ទីផ្សារចិន សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការកែច្នៃកសិផលឲ្យអស់លទ្ធភាព។
លោក វេង សាខុន បញ្ជាក់ពីវឌ្ឍនភាព នៃវិស័យកសិកម្មថា ពីមុន កម្ពុជាជាប្រទេស ផលិតផលិតផលកសិកម្ម ដើម្បីតែផ្គត់ផ្គង់សន្តិសុខស្បៀងក្នុងប្រទេស ប៉ុន្តែនាពេលបច្ចុប្បន្នកម្ពុជាត្រូវការផលិត ដើម្បីធ្វើការកែច្នៃក្នុងស្រុករួចនាំចេញ ហើយការនាំចេញនេះអាចជួយជំរុញកំណើន សេដ្ឋកិច្ចជាតិយ៉ាងល្អប្រសើរ ពិសេសចំណូលក្នុងគ្រួសារ ការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ហើយនេះគឺជាឆន្ទៈដ៏ចាំបាច់ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ ដោយត្រូវធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ចំពោះផែនការនិងទិសដៅអនាគត លោករដ្ឋមន្រ្តី ស្នើសុំឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម រដ្ឋបាលជលផលនាយកដ្ឋាន
កសិឧស្សាហកម្ម និងអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ ក្នុងការរៀបចំឯកសារច្បាប់ និងបច្ចេកទេស ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនឈានទៅសម្រេចបានលទ្ធផលផ្លែផ្កាជាវិជ្ជមាន៕