(កំពត)៖ ឆ្នាំនេះ ក៏ដូចជា ឆ្នាំមុនៗដែរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្នុងនាមជាអង្គភាពចងសម្ព័ន្ធមេត្រីភាព រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រុមហ៊ុន ឡុង ស្រេង ចំការកៅស៊ូបឹងកេត និងកងពលតូចអន្តរាគមន៍លេខ ១១ បានប្រារព្ធពិធីជួបជុំគ្នា ដើម្បីសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងពាំនាំនូវគ្រឿងឧបភោគ បរិភាគ ភេសជ្ជៈ និងថវិកាមួយចំនួន ដើម្បីជួបជុំលេងល្បែងកំសាន្ត ពិសារអាហារសាមគ្គី និងរាំលេងកំសាន្ត យ៉ាងស្និទ្ធស្នាល និងរីករាយបំផុត។ ឆ្នាំនេះការជួបជុំគ្នា ត្រូវបានប្រារព្ធធ្វើ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅទីតាំងកងពលតូចអន្តរាគមន៍លេខ១១ ស្ថិតក្នុងតំបន់ភ្នំដំរីរមៀល ខេត្តកំពត ក្រោមអធិបតីភាពលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកស្រី ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចូលរួមយ៉ាងរីករាយ ពីសំណាក់នាយទាហ៊ាន ពលទាហ៊ាន ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក និងកងពលអន្តរាគមន៍លេខ១១ តំណាងអជ្ញាធរដែនដីយ៉ាងច្រើនកុះករ។
មានប្រសាសន៍សំណេះសំណាល នាឱកាស នោះលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងពីកត្តាសន្តិភាព ដែលរកបាន ដោយកម្រតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ មកនេះ ដែលបច្ចុប្បន្នធ្វើឲ្យប្រទេស មានការរីកចម្រើនជាលំដាប់ និងជីវភាពប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ គ្រូបង្រៀន កម្មករ កម្មការនី មានភាពកាន់តែប្រសើឡើង។ ក្នុងនោះកងយោធពលខេមរៈភូមិន្ទ និយាយដោយឡែក និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និយាយជារួម បានពលីឈាមស្រស់ សាច់ស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
ដោយមើលឃើញពីគុណបំណាច់ នៃកំលាំងការពារជាតិគ្រប់ប្រភេទ ទើបសម្តេចតេជោ នាយករដ្ឋមន្ត្រី បង្កើតឲ្យមានការចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពស៊ីវិល ក្រុមហ៊ុនឯកជន ជាមួយអង្គភាពកំលាំងប្រដាប់អាវុធ ក្នុងចក្ខុវិស័យដ៏មុតស្រួច ដើម្បីសហការឧបត្ថម្ភគ្នា ក្នុងស្មារតីសាមគ្គីភាព រួមសុខ រួមទុក្ខ និង រួមសប្បាយរីករាយជាមួយគ្នា ដើម្បីបង្ហាញពីភាពរឹងមាំ របស់ប្រជាជាតិខ្មែរ ក្រោមម្លប់សន្តិភាព និងបាវចនា «ជាតិ សាសនា ព្រះ មហាក្សត្រ»។
ជាមួយនឹងការជួបសំណេះសំណាល ប្រកបដោយភាពស្និទ្ធស្នាលនេះ ក៏មានរៀបចំនូវពិធីពិសារអាហារសាមគ្គី រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយកងកំលាំងកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ១១ ព្រមទាំងសប្បុរសជននានា និងមានលេងល្បែងកំសាន្តប្រជាប្រិយខ្មែរ ផងដែរ។
ចំពោះថវិកា និងសម្ភារ ដែលជាការចូលរួមឧបត្ថម្ភពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រុមហ៊ុន ឡុង ស្រេង ចំការកៅស៊ូបឹងកេត ព្រមទាំងក្រុមហ៊ុន និងសប្បុរសជននានា រួមមាន៖
-ថវិកា ៤១លានរៀល (ឧបត្ថម្ភដល់កងទ័ព ៨២០នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល) ព្រមទាំងថវិកាមួយចំនួនទៀតដែលនៅសល់ ទុកសម្រាប់ប្រើប្រាស់ក្នុងអង្គភាព
-សម្ភារ និងគ្រឿងឧបភោគបរិភោគរួមមាន៖ ស្រាបៀរ ៤៦០កេស, ទឹកក្រូច ៨០កេស, ទឹកសុទ្ធ ៣២៥កេស, ទឹកផ្លែឈើ ៣០០កេស, តែបៃតង ២កេស, មី ៧០កេស, ទឹកត្រី ៧៤ឡូត៍ និង ៨៥យួរ, ទឹកស៊ីអ៊ីវ ៧០ឡូត៍ និង ១០០យួរ, នំស្រួយលីលី ២០កេស, សាច់ងៀត ១០០កញ្ចប់, ថ្នាំពេទ្យ ៤,០០០បន្ទះ, នំប៉័ងក្រៀម ១៥កេស, ជី ៥តោន, ចានត្រង់ជ័រកៅស៊ូ ១០,០០០ចាន, លួសកងចាន ១០,០០០កង, លួសទ្រចាន ១០,០០០ទម្រ, របាំងការពារជ័រកៅស៊ូពីទឹកភ្លៀង ១០,០០០របាំង, ស្លាបព្រាបង្ហូរជ័រកៅស៊ូ ១០,០០០ស្លាបព្រា, ជ័រមរៈ ៨ធុងស្បេត្រូ និងអាស៊ីតបង្កកជ័រកៅស៊ូ ១០ប៊ីដុង៕