(ព្រៃវែង)៖ ធនាគារជាតិនៃកម្ពុជាសាខាខេត្តព្រៃវែង ត្រូវបានបើកសម្ពោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅអាគារថ្មីហើយ នាព្រឹកថ្ងៃទី៩ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ។
ការបើកសម្ពោធប្រើប្រាស់អាគារថ្មីជាផ្លូវការ នៃធនាគារជាតិនៃកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាព លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា រួមទាំងមានការចូលរួមពីលោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា តំណាងមន្ទីរជុំវិញខេត្ត គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និស្សិតសរុបប្រមាណ៤៥០រូបផងដែរ។
លោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា ខេត្តព្រៃវែងមានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សំគាល់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមជារូបវន្ដ ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ខេត្តព្រៃវែងមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃសប្រទេសកម្ពុជា ដែលមានសក្ដានុពលសេដ្ឋកិច្ច ផ្នែកវិស័យកសិកម្ម ដំណាំស្រូវផលនេសាទ ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ប្រវត្តសាស្រ្ដ និងវប្បធម៌។
លោកបានបញ្ជាក់ទៀតថា អាគារទីស្នាក់ការថ្មីរបស់ធនាគារជាតិនៃកម្ពុជា សាខាខេត្តព្រៃវែងនេះ បានរួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ដូចជាវិស័យធនាគារ និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមរបស់ខេត្តព្រៃវែង។ ការកសាងអគារធនាគារជាតិនៃកម្ពុជាសាខាខេត្តព្រៃវែងនេះ ពិតជាបានឆ្លើយតបទៅនឹងការអភិវឌ្ឍន៍រីកចម្រើន នៃសេដ្ឋកិច្ចនៅក្នុងខេត្ត ក៏ដូចជាតម្រូវការការងារចាំបាច់ក្នុងការគ្រប់គ្រង និងសម្របសម្រួលប្រតិបត្តិការ
រូបិយវត្ថុ ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។
សូមជម្រាបថា ខេត្តព្រៃវែង ជាខេត្តដែលមានសក្តានុពលផ្នែកកសិកម្ម ក៏ទទួលបានការរីកចម្រើនជាលំដាប់ផងដែរ។ បច្ចុប្បន្ននេះខេត្តព្រៃវែង មានគ្រឹះស្ថានធនាគារចំនួន៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៩ និងក្រុមហ៊ុន-សហគ្រាសជាច្រើនទៀត ហើយដើម្បីគាំទ្រ និងជំរុញការរីកចម្រើនទាំងនេះ ធនាគារជាតិនៃកម្ពុជា បានពង្រឹងសមត្ថភាពសាខារាជធានី-ខេត្តជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃនេះ អគារធនាគារជាតិនៃកម្ពុជា សាខាខេត្តព្រៃវែង
ត្រូវបានកសាងឡើងថ្មី និងដាក់ឱ្យដំណើរការ ជំនួសឱ្យអគារចាស់ទ្រុឌទ្រោមសល់ពីសម័យបារាំងមក។
សមិទ្ធផលថ្មីនេះ នឹងចូលរួមកាន់តែសកម្មថែមទៀត ដល់ការគាំទ្រការរីកចម្រើនផ្នែកសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់សោភ័ណភាពខេត្ត។ អគារសាខាថ្មីនេះ នឹងបម្រើជាឃ្លាំងដ៏រឹងមាំសម្រាប់រក្សាទ្រព្យសម្បត្តិរដ្ឋ គ្រប់គ្រងនិងសម្រួលចរាចរណ៍សាច់ប្រាក់ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល៕