(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន គម្រោងរថភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលនឹងប្រព្រឹត្តិទៅនៅ ថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ស្អែកនេះហើយ វេលាម៉ោង០៦៖៣០នាទីព្រឹក នៅស្ថានីយរថភ្លើងភ្នំពេញ។
សម្រាប់ការដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ននេះ ប្រជាពលរដ្ឋអាចធ្វើដំណើរ តាមរថភ្លើងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។
រថភ្លើងដឹកអ្នកដំណើរនេះ ចំណាយពេលប្រមាណ៣០នាទី ក្នុងការដឹកជញ្ជូនអ្នកដំណើរ ពីស្ថានីយរថភ្លើងភ្នំពេញទៅព្រលានយន្តហោះ និងអាចផ្ទុកអ្នកដំណើររួមទាំងអ្នកអង្គុយ និងអ្នកឈរប្រមាណ១០០នាក់។ នៅក្នុងរថភ្លើងមានដាក់ម៉ាស៊ីនត្រជាក់ ហើយប្រជាពលរដ្ឋដែលរស់នៅ ក្បែរព្រលានយន្តហោះ ហើយចង់ឡើងមករាជធានីភ្នំពេញ ក៏អាចប្រើប្រាស់រថភ្លើងនេះបានដែរ។
កាលពីពេលបើកការដ្ឋានសាងសង់ផ្លូវដែក ចូលព្រលានយន្តហោះទាំងយប់កន្លងទៅ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានឲ្យដឹងថា ការដាក់ឲ្យដំណើរផ្លូវដែកថ្មី ចូលព្រលានយន្តហោះនេះ នឹងដាក់ឲ្យប្រើប្រាស់រថភ្លើងចំនួន៣គ្រឿង ដែលបញ្ជាទិញពីប្រទេសម៉ិចស៊ិក។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានសុទិដ្ឋិនិយមថា ជាមួយនឹងការដឹកជញ្ជូនថ្មីតាមផ្លូវដែក ក្នុងរាជធានីភ្នំពេញនេះ នឹងជួយសម្រួលដល់អ្នកដំណើរទៅព្រលានយន្តហោះ មិនមានការព្រួយបារម្ភពីបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ឡើយ៕