(ប៉ៃលិន)៖ ប្រជាពលរដ្ឋដែលធ្វើដំណើរ និងជាអ្នករស់នៅក្បែរកាស៊ីណូ «ស៊ុបភើរិច ឌឺបេស» បានរិះគន់ចំពោះម្ចាស់កាស៊ីណូមួយនេះថា បានបង្ហូរទឹកស្អុយចេញពីកាស៊ីណូរបស់ខ្លូន មកលើផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់បរិស្ថាន ប៉ះពាល់ដល់វិស័យទេសចរណ៍ ក្នុងស្រុកសាលាក្រៅ ក្បែរច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ជាប់ព្រំប្រទល់ប្រទេសថៃផងដែរ។

កាស៊ីណូដែលបង្ហូរទឹកស្អុយ លើផ្លូវសាធារណៈនេះ ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រជាពលរដ្ឋ បានលើកឡើង នៅព្រឹកថ្ងៃទី០៩ ខែមេសានេះថា ម្ចាស់កាស៊ីណូមួយនេះ ពុំដែលបានគិតពីផលប្រយោជន៍សាធារណៈនោះទេ គឺធ្វើយ៉ាងណាឲ្យតែស្អាតកន្លែងរបស់ខ្លួនតែប៉ុណ្ណោះ ចំពោះបរិស្ថានសាធារណៈ ពុំខ្វល់ ទើបបានជាបង្ហូរទឹកស្អុយ មកលើផ្លូវសាធារណៈបែបនេះ។

បើតាមប្រជាពលរដ្ឋ ករណីនេះបានកើតឡើងរយៈពេលជិតមួយខែកន្លងមកហើយ តាំងពីផ្លូវល្អ រហូតដល់ផ្លូវក្លាយជាកន្លែងដក់ទឹក ក៏គេពុំដែលឃើញមន្ត្រីជំនាញ ឬអាជ្ញាធរ ស្រុក-ខេត្ត ចុះមកពិនិត្យដែរ បើទោះបីពួកគាត់ដាក់ពាក្យស្នើរសុំទៅអាជ្ញាធរឲ្យជួយ ឲ្យម្ចាស់កាស៊ីណូមួយនេះ ធ្វើអីស្រេចតែចិត្ត ចង់ក្លិនស្អុយនេះប៉ះពាល់ ដល់ប្រជាពលរដ្ឋ ឬអ្នកធ្វើដំណើរ និងភ្ញៀវទេសចរយ៉ាងណា ក៏មន្ត្រីទាំងនេះមិនខ្វល់ដែរ។

ជាមួយគ្នានេះដែរ ពួកគាត់ក៏បានសំណូមពរសុំឲ្យអាជ្ញាធរ មេត្តាចុះមកពិនិត្យ និងធ្វើការទប់ស្កាត់ផង ព្រោះបើវានៅតែបន្តការហូរទឹករហូតដូច្នោះ វាពិតជាធ្វើឲ្យខូចខាតផ្លូវ ព្រមទាំងប៉ះពាល់ការរស់នៅ របស់ប្រជាពលរដ្ឋ ដែលនៅតំបន់នេះផងដែរ។

ពាក់ព័ន្ធបញ្ហានេះ លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះថា លោកបានដឹងករណីខាងលើនេះហើយ ព្រមទាំងរាយការណ៍ ជូនអភិបាលខេត្តប៉ៃលិន ឲ្យបានជ្រាបផងដែរ, ចំពោះករណីនេះ គឺលោកអភិបាលខេត្ត បានចាត់ឲ្យប្រធានមន្ទីរបរិស្ថាន ជាអ្នកចុះទៅមើល និងចាត់វិធានការ ដោះស្រាយជូនប្រជាពលរដ្ឋ នៅទីនោះ បើចង់ដឹងច្បាស់សូមទាក់ទង ទៅលោកប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនទើបដឹង។

ចំណែកលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានថ្លែងយ៉ាងខ្លី នៅរសៀលថ្ងៃដដែលនេះថា លោកមិនទាន់ទទួលបានព័ត៌មាននេះ នៅឡើយទេ ហើយលោកនិងចាត់មន្ត្រី របស់លោក ចុះទៅពិនិត្យករណីខាងលើផងដែរ៕