(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំកន្លងទៅ កម្ពុជាបានសម្រេចការងារធំៗ ជាចម្រើនវិស័យ ក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ត្រូវបានបន្តអនុវត្តជាប់ជាប្រចាំ ស្របតាមការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ តាមរយៈសារលិខិតមួយជូនជនរួមជាតិ នៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលសម្រេចបានការងារធំៗ ជាច្រើនវិស័យ ក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ត្រូវបានបន្តអនុវត្តជាប់ជាប្រចាំស្របតាមការអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ»។
សម្តេចតេជោ បានបន្ថែមទៀតថា រហូតមកដល់បច្ចុប្បន្ននេះ សមិទ្ធផលជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទ ស្ពានឆ្លងកាត់ទន្លេ ស្ពានអាកាសក្នុងរាជធានីភ្នំពេញ។ល។ ជាក់ស្តែងនៅដើមឆ្នាំ២០១៨នេះ ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យដំណើរការស្ពានអាកាសថ្មីមួយទៀតនៅស្តុបផ្សារដីហុយ លើវិថីសហព័ន្ធរុស្ស៊ី និងស្ពានបាឡេឆ្លងកាត់ទន្លេសាប ពីទីលានប្រជាធបតេយ្យផ្លូវជាតិលេខ៥ ទៅតំបន់ជ្រោយចង្វា ដែលមានប្រវែងជាង ៥០០ម៉ែត្រ ព្រមទាំងស្ពានបេតុងកោះប៉ែន ដែលមានប្រវែង៧៧៩ម៉ែត្រ ភ្ជាប់ពីដីស្រុកកំពង់សៀម មកកាន់ក្រុងកំពង់ចាម ដែលស្ថាបនាឡើងដោយកូនខ្មែរសុទ្ធសាធ និងចំណាយថវិការបស់រាជរដ្ឋាភិបាលជាង ១៣លានដុល្លារអាមេរិក ដើម្បីសម្រួលដល់ការកកស្ទុះចរាចរណ៍ ការដឹកជញ្ជូន និងការធ្វើដំណើររបស់ពលរដ្ឋ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឱ្យដំណើរការនូវការធ្វើដំណើរតាមរថភ្លើងពីស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងការធ្វើដំណើរតាមផ្លូវទឹកចេញពីតំបន់ព្រែកព្នៅ រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឆ្លងកាត់កំពង់ផែចំនួន៥កន្លែង សំដៅកាត់បន្ថយការកកស្ទុះចរាចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ៕