(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិតីក្នុងពិធីប្រកាសទទួលស្គាល់លោកឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងជាជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជំនួសលោក អេង ប៊ុនហ៊ាង ដែលប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី។
នៅក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត លោក អនុប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ដែលជាសមាជិកគណៈកម្មាធិការសាខា-អនុសាខា មន្ត្រីសាខា ព្រះមេគុណខេត្ត យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាជាច្រើនផងដែរ។
នៅក្នុងឱកាសនោះដែរ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរជូនដល់ គណៈកិត្តិយសសាខាគណៈកម្មាធិការសាខា-អនុសាខា មន្ត្រី-បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលមានវត្តមាននៅក្នុងពិធីនេះ ព្រមទាំងមានអនុសាសន៍ផ្ដាំផ្ញើមួយចំនួនដែលមានខ្លឹមសារដូចតទៅ៖
ទី១៖ ត្រូវរក្សាសាមគ្គីភាព រវាងគណៈកិត្តិយស គណៈកម្មាធិការ និងក្រុមប្រតិបត្តិ ឱ្យបានល្អប្រសើរ
ទី២៖ ត្រូវបង្កើនសមត្ថភាព និងទម្រង់ទិសអនុវត្តន៍ របស់មន្ត្រី-បុគ្គលិកសាខា-អនុសាខា ដើម្បីអនុវត្តន៍ការងារមនុស្សធម៌បន្តទៀត
ទី៣៖ ត្រូវបន្តពង្រឹង និងពង្រីក កម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីឱ្យសកម្មភាពការងារកាន់តែរស់រវើក
ទី៤៖ ត្រូវពង្រីកសមាជិកភាពបន្ថែម ដើម្បីជួយកៀរគរមូលនិធិសម្រាប់ជួយដល់ប្រជាពលងាយរងគ្រោះបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព
ទី៥៖ រៀបចំចងក្រងឯកសារអ្នកទទួលផលឱ្យបានជាក់លាក់ ដើម្បីទុកជាឯកសារតម្កល់ទុកប្រើប្រាស់នាពេលក្រោយ
ទី៦៖ លើកកម្ពស់ ការថែទាំសមិទ្ធិផលនានារបស់កាកបាទក្រហមកម្ពុជា ដែលបានកសាងសម្រាប់ប្រជាជន។
គួរបញ្ជាក់ថា នៅមុនពេល១ថ្ងៃ នៃការប្រកាសទទួលស្គាល់ លោកឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាថ្មី ខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ លោកស្រី ម៉ែន នារីសោភ័គ អមដំណើរដោយលោក ស្វាយ សំអ៊ាង, លោកឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាសម្ភារ និងថវិកាមួយចំនួន ជូនដល់ជនជាតិដើមភាគតិច (ជនជាតិព្នង) ដែលជាចាស់ៗ អ្នកពិការ និងស្ត្រីមានផ្ទៃពោះ ចំនួន៨គ្រួសារ រស់នៅភូមិពូត្រំ ឃុំរមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះដែរ លោកឧញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាថ្មី ខេត្តមណ្ឌលគិរី និងជាជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជួយថវិកា ៣០ម៉ឺនរៀល រៀងរាល់ខែចាប់ពីថ្នាក់ទី៩ ដល់ចប់ថ្នាក់ទី១២ ជូនក្មួយស្រី ថន រដ្ឋា សិស្សពូកែទូទាំងខេត្តមណ្ឌលគិរី និងកង់១គ្រឿងផងដែរ៕