(កណ្ដាល)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយរដ្ឋមន្រ្តី និងក្រុមការងារចុះស្រុកអង្គស្នូលទាំងអស់ បានរៀបចំព្រឹត្ដិការណ៍ «សង្ក្រាន្តឃុំម្កាក់ ២០១៨» ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ្រឹស្ដសករាជ ២០១៨ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨។
«សង្ក្រាន្តឃុំម្កាក់ ២០១៨» នេះ បានបង្ហាញឲ្យឃើញពីភាពសប្បាយរីករាយ របស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ក្រោមម្លប់ សុខសន្តិភាព និងការអភិវឌ្ឍ និងបង្ហាញនូវសាមគ្គីភាព មិត្តភាព ការច្នៃប្រឌិត ការគោរពដឹងគុណ ដល់បុព្វការីជន និងការចូលរួមលើកតម្កើនវប្បធម៌ ប្រពៃណីជាតិ ដ៏ផូរផង់របស់ខ្មែរ។
បុណ្យចូលឆ្នាំថ្មីនេះ គឺជាបុណ្យប្រពៃណីជាតិដ៏ធំ របស់ប្រជាជនខ្មែរ។ ឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ្រឹស្ដសករាជ២០១៨ ត្រូវចូលមកដល់ នៅថ្ងៃសៅរ៍១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៨ វេលាម៉ោង០៩៖១២នាទីទៀបភ្លឺ។
ទេវតាឆ្នាំថ្មីនេះ ព្រះនាម «មហោធរៈទេវី» ជាបុត្រីទី៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ ដោយបុប្ឋា «ត្រកៀត» អភរណៈ «និលរតន៍» ភក្សាហារទ្រង់ «សាច់ទ្រាយ» ព្រះហស្ដស្ដាំទ្រង់ «កងចក្រ» ព្រហស្ដធ្វេងទ្រង់ «ត្រីសូល៍» ទ្រង់គង់រំពែឈរលើខ្នង «ស្ដេចក្ងោក» (មយូរា) ដែលជាបាហនៈ។
សម្រាប់គ្រឿងសក្ការបូជា សម្រាប់ទទួលទេវតាឆ្នាំថ្មីនេះ មានបាយសីមួយគូ ស្លាធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ ផ្កាភ្ញី លាជ ទឹក១ផ្តិល និងភេសជ្ជៈ នំនែក ផ្លែឈើគ្រប់មុខ។ ចំណែកផ្ទះសំបែង គេតុបតែងរំលេច ដោយអំពូលអគ្គិសនី ខ្សែតូចៗ ចម្រុះពណ៌ ឬចង្កៀងគោម គ្រប់ពណ៌សម្រាប់ទទួលទេវតាឆ្នាំថ្មី៕