(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ការអំពាវនាវពីក្រុមឧទ្ទាមក្រៅច្បាប់ បង្កើតជាចលនាផ្សេងៗ នៅពេលបច្ចុប្បន្ននេះ គ្មានប្រសិទ្ធភាពនោះទេ ព្រោះថាប្រជាពលរដ្ឋកម្ពុជាមិនដូចមុនឡើយ គឺពួកគាត់មានការយល់ពីច្បាប់ យល់ដឹងពីតម្លៃនៃសុខសន្ដិភាព។
នេះជាការឲ្យដឹងពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅបន្ដ សម្រាប់ខែមេសា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨។
នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការងារសន្ដិសុខបើទោះបីមានការខិតខំបំផុសញុះញង់ពីចលនាឧទ្ទាមក្រៅច្បាប់ អីក៏ដោយប៉ុន្ដែប្រជាពលរដ្ឋ មានសភាពការណ៍ស្ងប់ស្ងាត់ល្អ គឺពួកគាត់គិតតែការប្រកបរបបវិជ្ជាជីវៈប្រមូលប្រាក់ចិញ្ចឹមគ្រួសារគាត់ មិនមានអីកត់សម្គាល់នោះទេ»។
បើតាមនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រជាពលរដ្ឋបានឆ្លងកាត់ច្រើនដំណាក់កាលរបស់សង្គមមកនេះ ហើយពួកគាត់មានការយល់ដឹងច្រើនជាងមុន ថាអ្វីដែលជាការរំខានដល់សន្ដិសុខសង្គម អ្វីជាការរំខានដល់ជីវភាពរបស់ពួកគាត់ ហើយប្រជាពលរដ្ឋនៅពេលនេះមិនមែនងាយតែបាញ់បោក ការបំផុសបំផុលទៀតនោះទេ។
ដូច្នេះហើយអគ្គស្នងការដ្ឋាននគរបាលជាតិ បានវាយតម្លៃឃើញថា សភាពការណ៍នៅក្នុងប្រទេសកម្ពុជាមានលក្ខណៈស្ងប់ស្ងាត់ល្អ បើទោះបីក្រុមឧទ្ទាមជ្រុលនិយមបន្ដប្រឹងប្រែងបង្កការរំខាន និងញុះញង់ពីក្រៅប្រទេសយ៉ាងណាក៏ដោយ។
សូមបញ្ជាក់ថា សភាពការណ៍បទល្មើស និងកិច្ចប្រតិបត្តិការបទល្មើសព្រហ្មទណ្ឌ ក្នុងខែមីនាកន្លងទៅ បទល្មើសជារួមថយចុះ ២៧លើក ស្មើ១១ភាគរយ (២១១/២៣៨លើក) ប៉ុន្តែពិនិត្យឃើញថា បទល្មើសឧក្រិដ្ឋ កើន៧លើក ស្មើ១៦ភាគរយ (៥១/៤៤លើក) ឯបទល្មើសមជ្ឈឹមថយ៣៤លើក ស្មើ១៨ភាគរយ (១៦០/១៩៤លើក) បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៦នាក់ របួស៨៧នាក់ រងគ្រោះ២០នាក់ បាត់ម៉ូតូ២៥គ្រឿង រថយន្ត៥គ្រឿង និងសម្ភារៈមាស-ប្រាក់មួយចំនួន៕