(កំពង់ស្ពឺ)៖ មូលនិធិអង្គរនៃផ្នែកទំនាក់ទំនងសាធារណៈ និងកិច្ចការសង្គម របស់ក្រុមហ៊ុនកម្ពុជាខេមប្រ៊ូវ (ស្រាបៀរអង្គរ) កាលពីពេលថ្មីៗនេះ បានឧបត្ថម្ភកុំព្យូទ័រ ចំនួន២០គ្រឿង ដល់បណ្ណាល័យ ខេត្តកំពង់ស្ពឺ ក្រោមកិច្ចសហការ ជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា។ ការឧបត្ថម្ភនាពេលនេះ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តគាំទ្រ ដល់វិស័យអប់រំនៅកម្ពុជា។
កម្មវិធីឧបត្តម្ភកុំព្យូទ័រចំនួន២០គ្រឿង នាពេលនេះ រៀបចំឡើងក្រោមអធិបតីភាពរបស់ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រវាងលោកវេជ្ជបណ្ឌិត សាយ សាណា ថងខាំច័ន្ទ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនកម្ពុជា ខេមប្រ៊ូវ (ស្រាបៀរអង្គរ)។
ថ្លែងក្នុងឱកាសសំណេះសំណាល ទៅកាន់អ្នកចូលរួម និងគណៈអធិបតីនាពេលនោះ លោកអគ្គនាយកប្រតិបិត្តក្រុមហ៊ុន មានថ្លែងថា «ខ្ញុំជឿថា ការអប់រំគឺជាគន្លឹះ ដ៏សំខាន់ដែលអាចធ្វើ ឲ្យជីវិតកាន់តែប្រសើរ ហើយយុវវ័យគប្បី មានឧបករណ៍សមស្រប ជំនួយដល់ការសិក្សាបន្ថែមរបស់ពួកគេ នាពេលបច្ចុប្បន្ន និងអនាគត»។
លោកវេជ្ជបណ្ឌិត សាយ សាណា ថងខាំច័ន្ទ បន្ដទៀតថា «ហេតុដូច្នេះហើយ យើងមានក្តីសង្ឃឹមថា តាមរយៈការរួមចំណែកឧបត្ថម្ភ និងអាចជួយក្នុងដំណើរការរៀនសូត្រ របស់យុវជន/សិស្ស ឲ្យកាន់តែមានភាពងាយស្រួល និងមានភាព សប្បាយរីករាយបន្ថែមទៀត»។
សូមជម្រាបថា មូលនិធិអង្គរ ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០០៩ ក្នុងគោលបំណង ដើម្បីជំរុញ និងពង្រឹងសិទ្ធិអំណាច ដល់សហគមន៍ តាមរយៈការគាំទ្រអប់រំ និង ការអភិវឌ្ឍ សហគមន៍។
រហូតមកទល់នាពេលបច្ចុប្បន្ននេះ មូលនិធិអង្គរ បានចំណាយថរិកាប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិក លើកម្មវិធីអប់រំ និងការអភិវឌ្ឍសហគមន៍នានា ដោយផ្ទាល់ សម្រេច បានក្រុមគោលដៅជាប្រជាជនខ្មែរ ដែលទទួល បានអត្ថប្រយោជន៍ដោយផ្ទាល់ ប្រមាណជាង ១.២លាននាក់ នៅទូទាំងប្រទេស។ ការរួមចំណែកក្នុងវិស័យអប់រំ មូលនិធិអង្គរបានផ្ដល់ ឧបត្ថម្ភនូវសម្ភារសម្រាប់សិក្សា ដល់សិស្សានុសិស្សចំនួន៧៥,០០០នាក់ មកពី១៥៧សាលារៀន។
ទន្ទឹងនឹងនេះ មូលនិធិអង្គរ ក៏បាន ផ្តល់អាហាររូបករណ៍ពេញ ដល់និសិ្សតក្រីក្រ កង្វះលទ្ធភាពបង់ថ្លៃសិក្សា រួមទាំងនិសិ្សតឆ្នើមផងដែរ បានប្រមាណជាង៥០០នាក់ តាមរយៈកិច្ច សហការជាមួយ សហភាពសហព័ន្ធ យុវជនកម្ពុជា នៅលើកម្មវិធី អាហាររូបករណ៍៕