(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានជំរុញឱ្យមន្ត្រីនៅតាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ ជួយពន្លឿនការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឆាប់រហ័ស និងតាមសំណូមពររបស់ពួកគាត់។

ការលើកឡើងបែបនេះរបស់លោក ជា អឿង នៅក្នុងឱកាសលោកដឹកនាំក្រុមការងារ ចុះសំណេះសំណាលសួរសុខទុក្ខ ស្វែងយល់បញ្ហាប្រឈមនានា ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋប្រមាណ ២០០នាក់ ស្ថិតនៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ។

ក្នុងឱកាសនោះលោក ជា អឿង ក៏បានពាំនាំការនឹករលឹក និងការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន និងបានជម្រាបជូនប្រជាពលរដ្ឋ អំពីកំណែទម្រង់ជាពិសេសការផ្តល់សេវាសាធារណៈកាន់តែងាយស្រួល និងសមិទ្ធិផលសំខាន់ៗ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចសមិទ្ធិផល ជាច្រើនកន្លងមកផងដែរ។

លោកបានបញ្ជាក់ទៀតថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់នូវតម្រូវការប្រចាំថ្ងៃជូនពួកគាត់ដូចជា៖ ការដោះស្រាយ លិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឱ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ទាំងនេះជា ក្រមសីលធម៌របស់មន្ត្រីហើយនឹងប្រាកដប្រជាឱ្យទទួលបាននូវការគាំទ្រមកវិញ ពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ ឆ្នោតជាក់ជាមិនខាន។ មន្ត្រីទាំងអស់គប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែក ដល់ថ្នាក់ក្រោម និងផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ និងអនុវត្តឱ្យបាននូវអភិក្រមទាំងប្រាំចំណុចគឺ ដុះក្អែល ងួតទឹក ឆ្លុះកញ្ចក់ ព្យាបាល និងចុងក្រោយវះកាត់។

មិនតែប៉ុណ្ណោះលោកក៏បានក្រើនរម្លឹកដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចត្រូវចុះឱ្យដល់មូលដ្ឋាន និងគ្រប់គ្រងឱ្យបានចំពោះការធ្វើចំណាកស្រុក ក្នុងប្រទេស និងចំណាកក្រៅប្រទេសរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន និងជួយផ្សព្វផ្សាយជំរុញឱ្យទៅបោះឆ្នោត ឱ្យបានគ្រប់គ្នា។

លោកតំណាងរាស្រ្តក៏បានផ្តាំផ្ញើដល់បងប្អូនទំាងអស់ នាំគា្នគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងជួយពន្យល់ដល់កូនរបស់ខ្លួនកុំ ឱ្យមានការប្រើប្រាស់គ្រឿងញៀន ជាពិសេសអ្នកចំណាក់ស្រុកទៅរកស៊ីនៅប្រទេសថៃ៕