(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវពិចារណា ឲ្យបាន ច្បាប់មុនខ្ចីលុយពីធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយមិនត្រូវខ្ចីយកទៅប្រើមិនចំគោលដៅធ្វើឲ្យខាត បង់ផលប្រយោជន៍ ទ្រព្យសម្បត្តិ ថែមទៀត ក្នុងនោះត្រូវ ចូលរួមគោរពច្បាប់ឲ្យបាន គ្រប់ៗគ្នាប្រយោជន៍ធ្វើភូមិ/ឃុំ របស់យើងមានសន្តិសុខសណ្តាប់ធា្នប់ល្អ។

ការអំពាវនាវរបស់រដ្ឋមន្រ្តី វង សូត គឺបានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជួមសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។

លោក វង សូត មានលើកឡើងថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋមួយចំនួនធំកំពុងជំពាក់លុយធនាគាឯកជន និងមីក្រូហិរញ្ញវត្ថុ ក្នុងនោះអ្នកខ្លះ ខ្ចី មកសម្រាប់ពង្រីកមុខរបរ ចំណែកខ្លះទៀតខ្ចីដើម្បីបំពេញតម្រូវការនានា ខណៈតម្រូវការខ្លះមិនចាំបាច់ ក៏នាំគ្នាខ្ចីដែរ ដែលនេះហើយជាបញ្ហាដោយមួយចំនួនរហូតដល់ រត់ចោលស្រុក បាត់បង់ដីធ្លី ផ្ទះសម្បែង។

រដ្ឋមន្រ្តី វង សូត បានបន្ថែមថា កត្តាទាំងនេះ សូមឲ្យប្រជាជនទាំងអស់មេត្តាពិចារណាមុនខ្ចីបុលលុយគេយកមកប្រើប្រាស់ បើគិតថាអាចបង្កើនបានប្រាក់មកវិញខ្ពស់ចាំខ្ចី តែបើខ្ចី យកទៅចាយវាយមិនចាំបាច់គួរ ជៀសវាងកុំមានបញ្ហានៅពេលក្រោយ។

បន្ថែមពីលើនេះ រដ្ឋមន្រ្តីក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា ដើម្បីប្រយោជន៍ក្នុងការថែរក្សាឲ្យបានដាច់ខាតនូវសន្តិសុខសណ្តាប់ធ្នាប់ល្អ ក្នុងសង្គមជាតិ យើងទាំងមូល សាកសមជាប្រទេសដែលមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

នៅក្នុងឳកាសនោះ តំណាងប្រជាពលរដ្ឋដែលបានចូលរួមក៏ បានលើកជាសំណូមពរមួយចំនួនដូចជាសុំជួយអន្តរាគមន៍ពន្លើន ការស្ថាបនាផ្លូវ សាងសង់អាគាសិក្សា តបណ្តាញអគ្គីសនីចូលភូមិ របស់ពួកគាត់ដែលមិនទាន់មានភ្លើងអគ្គីសនីប្រើជាដើម។

ជាការឆ្លើយតប លោក វង សូត បានដោះស្រាយជូនភ្លាម ៗចំពោះបញ្ហាមួយចំនួន ខណៈបញ្ហាមួយចំនួន ត្រូវយកទៅសិក្សាឲ្យបាន ច្បាស់លាស់សិន មុនសម្រេចតាមសំណូមពរនៅពេលក្រោយទៀត ។ ក្នុងនោះ រដ្ឋមន្រ្តី វង សូត បានលើកឡើងថា បញ្ហាផ្លូវ និងភ្លើង គឺជា គោលដៅដែល រាជរដ្ឋាភិបាលកំពុងដោះស្រាយជាជំហានៗ ហើយនៅក្នុងឆ្នាំ ២០២០ ភ្លើងនិងមានប្រើគ្រប់ភូមិទាំងអស់នៅទូទាំងប្រទេស។

ជាមួយគ្នានោះ លោក វង សូត ក៏បានឧបត្ថម្ភថវិកា ជូនដល់មណ្ឌលសុខភាពពន្លៃ ចំនួន១០លានរៀល និងប្រជាពលរដ្ឋចំនួន ១,២០២នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមារ១ និងថវិកា១៥,០០០៛ផងដែរ៕