(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិស្សនិស្សិត មកពីខេត្តបន្ទាយមានជ័យ ដែលបានមកបន្តការសិក្សានៅរាជធានីភ្នំពេញ។
កញ្ញា ភឿន រាត្រី តំណាងសិស្សនិស្សិតបានថ្លែងថា ថ្ងៃនេះជាលើកទី៣ ហើយដែលសិស្ស និស្សិតមកពី៩ក្រុង ស្រុកទូទាំងខេត្តបន្ទាយមានជ័យ ដែលបានមកបន្តការសិក្សានៅរាជធានីភ្នំពេញ ចំនួន២.០០០នាក់បានមកជួបជុំគ្នាបង្កើតភាពស្និទ្ធស្នាលក្នុងនាមជាឪពុកម្តាយ បុត្រធីតា នៃមហាគ្រួសារអ្នកបន្ទាយមានជ័យក្រោមការជួយជ្រោមជ្រែងយកចិត្តទុកដាក់ទំនុកបំរ៉ុងពីថ្នាក់ដឹកនាំទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែង ដោយធ្វើការផ្តាំផ្ញើដល់ក្មួយជាសិស្សនិស្សិតទាំងអស់ ឲ្យខិតខំរៀនសូត្រ ចូលរួមការងារសង្គមថែរក្សាបរិស្ថាន សីលធម៌ល្អ បណ្តុះគំនិតស្នេហាជាតិគោរពច្បាប់ សហការល្អជាមួយអាជ្ញាធរមូលដ្ឋានរក្សាសន្តិសុខនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរស់នៅ និងធានាគ្រប់គ្នាទាំងអស់ មិនជាប់ពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀនគ្រប់ប្រភេទ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខកម្ពុជាយើងនឹងធ្វើការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដូចនេះសូមក្មួយៗទាំងអស់ប្រើសិទ្ធិរបស់ខ្លួនជ្រើសរើសគាំទ្រ យកគណបក្សណាដែលមានស្នាដៃក្នុងការកសាងប្រទេស ពីការបំផ្លិចបំផ្លាញក្លាយជាគំនរផេះផង់ ឲ្យមានការរីកចម្រើន និងស្រស់បំព្រងក្រោមការធ្វើពលិកម្មរបស់គ្រប់បែបយ៉ាង របស់រាជរដ្ឋាភិបាលនិងគណបក្សប្រជាជនដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កម្ពុជាដើរលើផ្លូវត្រូវប្រទេសមានសុខសន្តិភាព សេដ្ឋកិច្ចជាតិមានការរីកលូតលាស់ប្រែក្លាយ ពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានផ្តល់នូវសម្ភារ: ថវិកាគាំទ្រដល់ខេត្តបន្ទាយមានជ័យ៕