(ភ្នំពេញ)៖ ក្រុមបាល់ទាត់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមការចង្អុលបង្ហាញរបស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានណាត់ក្រុមបាល់ទាត់ BTP ប្រកួតមិត្តភាពអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ នៅលើទីលានវិទ្យាល័យវត្តកោះ ខណៈជ័យជម្នះបានទៅក្រុម NOCC ក្នុងលទ្ធផល ៥-៣។
លោក កាំង សុធា អ្នកចាត់ការទូទៅក្រុម និងជាតំណាងថ្នាក់ដឹកនាំ NOCC បានបញ្ជាក់ថា នេះមិនមែនជាលើកទី១ ទេ ដែលក្រុមបាល់ទាត់ NOCC បានធ្វើការប្រកួតមិត្តភាពជាមួយក្រុមផ្សេងៗ ប៉ុន្ដែវាជាលើកដំបូង ដែលក្រុមស្ថិតក្រោមគ្រប់គ្រងរបស់ស្ថាប័នកីឡាដ៏ធំនេះ ធ្វើការប្រកួតលក្ខណៈមិត្តភាព និងរឹតចំណងមិត្តភាព ដើម្បីអបអរសាទរបុណ្យចូលថ្មី ប្រពៃណីជាតិខ្មែរ ហើយលោករំពឹងថា ព្រឹត្តិការណ៍មួយនេះនឹងមានជារៀងរាល់ឆ្នាំ ដើម្បីផ្សាភ្ជាប់សកម្មភាពកីឡា ទៅនឹងពិធីបុណ្យជាតិដ៏ធំមួយនេះ។
បន្ថែមលើនេះ លោកបញ្ជាក់ថា ក្រុមបាល់ទាត់ NOCC បានបង្កើតជាង ៤ឆ្នាំមកហើយ ប៉ុន្ដែការបង្កើតនេះ ផ្ដោតសំខាន់ត្រឹមការប្រកួតមិត្តភាពជាមួយស្ថាប័នផ្សេងៗ និងបំផុសយុវជនឲ្យចូលរួមលេងកីឡាឲ្យបានច្រើន ក្នុងនាមស្ថាប័នកីឡាជាតិមួយ តែមិនចូលរួមការប្រកួតពានរង្វាន់ផ្សេងៗនោះទេ។ ម្យ៉ាងវិញទៀត ក្រៅពីក្រុមបាល់ទាត់ ស្ថាប័នគ្រប់គ្រងកីឡាដ៏ធំនេះ ក៏មានបង្កើតក្រុមកីឡាវាយសី ដើម្បីធ្វើការប្រកួតមិត្តភាព និងរៀបចំការប្រកួតដណ្ដើមពានរង្វាន់រៀងរាល់ឆ្នាំទៀតផង។
ជាមួយគ្នានោះលោក ហូយ សេរីវឌ្ឍនៈពិសិដ្ឋ តំណាងក្រុម BTP បានបង្ហាញមោទនភាព ចំពោះការបានប្រកួតមិត្តភាពជាមួយក្រុមស្ថាប័នកីឡាខាងលើ ដើម្បីរឹតចំណងមិត្តភាព និងធ្វើជាគំរូមួយដ៏ល្អ សម្រាប់យុវជនជំនាន់ក្រោយ ឲ្យពួកគេចូលរួមលេងកីឡាចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ ពិសេសបំផុតគឺការប្រកួតដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ដែលនឹងចូលមកដល់នាថ្ងៃទី១៤-១៦ ខែមេសាឆាប់ៗខាងមុខនេះ៕