(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបុរេប្រទានសាច់ប្រាក់ជាង៣០ម៉ឺនដុល្លារ ដើម្បីយកទៅបើកជូនដល់ក្រុមកម្មករ-កម្មការិនីចំនួន២១៨នាក់ នៅរោងចក្រ ជុងហ្វៃ ក្នុងខណ្ឌមានជ័យ ដែលថៅកែរត់ចោល។
ចំណាត់ការខាងលើនេះ បានធ្វើឡើងភ្លាមៗ តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានណែនាំដល់ក្រសួង និងមន្រ្តីពាក់ព័ន្ធ ដោះស្រាយបញ្ហានេះ ជូនកម្មករ-កម្មការិនី នៅពេលដែលជួបបញ្ហាការងារ។
នៅព្រឹកថ្ងៃទី៩ ខែ មេសា ឆ្នាំ២០១៨នេះ លោក ប្រាក់ ចាន់ធឿន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម តាមមុខសញ្ញា និងជាអគ្គលេខាធិការក្រសួងការងារ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានលេខាធិការដ្ឋានដោះស្រាយកូដកម្ម បាតុកម្ម តាមមុខសញ្ញាប្រចាំខណ្ឌមានជ័យ បានជួបសំណេះសំណាល និងបើកប្រាក់បុរេប្រទានរបស់ រាជរដ្ឋាភិបាល ជូនបងប្អូនកម្មករ-កម្មការនី រោងចក្រ ជុងហ្វៃ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលថៅកែរោងចក្ររត់ចោល។
នៅក្នុងពិធីនេះក៏មានការចូលរួមពីមន្រ្តីតំណាងក្រសួងការងារ, លោក សាយ វុទ្ធា ប្រធានការិយាល័យការងារខណ្ឌមានជ័យ, លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម, នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម, តំណាងអធិការខណ្ឌមានជ័យ, តំណាងអាវុធហត្ថខណ្ឌមានជ័យ និងកម្មករ-កម្មការិនីសរុប២១៨នាក់។
លោក ឌី រ័ត្នខេមរុណ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កម្មករ-កម្មការិនី ត្រូវទទួលបានប្រាក់ខែពីឆ្នាំ២០១៦ មកម្ល៉េះ ហើយពួកគាត់ដែលទទួលបានប្រាក់បុរេប្រទាន ពីរាជរដ្ឋាភិបាល ចំនួន ២១៨នាក់ ក្នុងម្នាក់ៗទទួលបាន ពី១៣០០ដុល្លារ ដល់១៦០០ដុល្លារ ដែលបានទទួលថវិកាបុរេប្រទានពីរាជរដ្ឋាភិបាលសរុប៣០៣,១៩៦ដុល្លារ៕