(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយប្រាប់ឲ្យបុគ្គល ដែលចេញមុខអំពាវនាវ ដល់ប្រជាពលរដ្ឋមិនឲ្យចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខត្រូវបញ្ឈប់សកម្មភាពខុសច្បាប់ របស់ខ្លួនជាបន្ទាន់។
ការប្រកាសរបស់ គ.ជ.ប នេះ ធ្វើឡើងបន្ទាប់ពីមានបុគ្គលមួយចំនួន បានចេញមកអំពាវនាវដល់ប្រជាពលរដ្ឋ មិនឲ្យចូលរួមការបោះឆ្នោត និងឲ្យអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ធ្វើការពិចារណាឲ្យបាន ហ្មត់ចត់ មុននឹងចូលរួមសង្កេតការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ ដោយលើកមូលហេតុថា ការបោះឆ្នោតខាងមុខនេះ គ្មានអតីតគណបក្សប្រឆាំងចូលរួម។
ក្នុងសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានចាត់ទុកការអំពាវនាវនោះ គឺខុសច្បាប់ រៀបចំការបោះឆ្នោត ដែលត្រូវទទួលការពិន័យជាប្រាក់ច្រើនលានរៀល និងថែមទាំងមានទោស ព្រហ្មទណ្ឌផ្សេងទៀតផងដែរ។
ជាមួយគ្នានេះ គ.ជ.ប បានអំពាវនាវឲ្យបុគ្គលមានបំណង រារាំងដល់ការបោះឆ្នោត ត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពដែលខុសពីគន្លងច្បាប់។
គ.ជ.ប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានក្នុងបញ្ជាក់ឈ្មោះបោះឆ្នោត ចូលអញ្ជើញចូលរួមការបោះឆ្នោត ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខឲ្យបានគ្រប់ៗគ្នា និងអំពាវនាវដល់អ្នកសង្កេតការជាតិ អន្តរជាតិ មកបំពេញបែបបទឲ្យបានទាន់ពេលវេលា ដើម្បីចូលរួមសង្កេតដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ៕
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ទាំងស្រុង៖