(ភ្នំពេញ)៖ កម្លាំងនគរបាលជាតិរាប់ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅចុងសប្ដាហ៍នេះ ពោលគឺនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ។
នេះបើតាមការឲ្យដឹងពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅបន្ដ សម្រាប់ខែមេសា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់កម្លាំងដែលការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ គឺមានច្រើន បើនិយាយក្របខ័ណ្ឌទូទាំងប្រទេសរាប់ម៉ឺននាក់ ដោយហេតុថាឆ្នាំនេះយើងបានរៀបចំ ព្រឹត្តិការណ៍សង្ក្រាន្ដរហូតដល់១៣រាជធានី-ខេត្ត ដូច្នេះកម្លាំងនគរបាលគឺយើងដាក់ពង្រាយនៅតាមដងផ្លូវ ដើម្បីធានាចរាចរណ៍, តាមទីវត្តអារាម និងតំបន់កម្សាន្ដសប្បាយផ្សេងៗ»។
បើតាមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ, នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ប្រធានអង្គភាពជំនាញ និងស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងសន្តិសុខ និងត្រៀមកម្លាំងជានិច្ច ដើម្បីអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍អគ្គស្នងការ ក៏បានណែនាំពីបញ្ហាចរាចរណ៍ ត្រូវធ្វើយ៉ាងណាកុំឲ្យមានការកកស្ទះទាំងចេញ និងចូលរាជធានី ហើយក៏ត្រូវជួយរំលឹកដល់ប្រជាពលរដ្ឋអំពីបញ្ហាអគ្គិភ័យផងដែរ ព្រោះថារដូវចូលឆ្នាំនេះ ជារដូវក្ដៅ។
ជាមួយគ្នានេះ សម្រាប់កម្លាំងកងរាជអាវុធហត្ថវិញ ត្រូវបានលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់អង្គភាព Fresh News ឲ្យដឹងដែរថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យកម្លាំងអាវុធហត្ថទាំងអស់ ត្រូវត្រៀមជានិច្ចដើម្បីការពារសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនពលរដ្ឋក្នុងឱកាសបុណ្យជាតិដ៏ធំនេះផងដែរ។
បើតាមលោកឧត្តមសេនីយ៍អ្នកនាំពាក្យ កម្លាំងកងរាជអាវុធហត្ថខ្លួនឯងផ្ទាល់តែម្ដង ក៏បានត្រៀមខ្លួនរួចហើយដែរ ដើម្បីការពារជូនប្រជាពលរដ្ឋ ទាំងនៅតាមដងផ្លូវ នៅតាមវត្តអារាម និងនៅតាមតំបន់រម្មណីយដ្ឋានផ្សេងៗ ហើយជាពិសេសកម្លាំងនៅតាមមូលដ្ឋានផ្ទាល់តែម្ដងក៏ត្រូវការពារផងដែរ ព្រោះខ្លាចក្រែងមានគ្រោះថ្នាក់អ្វីកើតឡើងជាយថាហេតុ៕