(ភ្នំពេញ)៖ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានប្រារព្ធពិធីសូត្រមន្តបង្សុកូល និងប្រគេនទេយ្យទានដល់ព្រះសង្ឃ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរិទ្ឋិស័ក ព.ស ២៥៦២។
បន្ទាប់ពីធ្វើកិច្ចនមសិកាព្រះរតនត្រ័យ លោកស្រី ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានអញ្ជើញវេប្រគេនទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃ ដើម្បីឧទិ្ទសកុសលបួងសួងដល់វិញ្ញាណក្ខ័ន្ធបុព្វការីជន ដែលបានបាត់បង់ជីវិតមកទទួលនូវកុសលផលបុណ្យ និងបានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ ព្រមទាំងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី និងវត្ថុសក្តិសិទ្ធទាំងឡាយ ប្រទានពរជ័យ សិរីសួស្តី បវរមហាប្រសើរ សិរីមង្គល វិបុលសុខ គ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ទទួលបាននូវសុខសុភមង្គល សុខភាពល្អ កម្លាំងកាយមាំមួន ដើម្បីបន្តបំពេញភារកិច្ចរបស់ខ្លួនលើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឲ្យទទួលបានភាពជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិ និងប្រជាពលរដ្ឋស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕