(បាត់ដំបង)៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ លោក ហែម ថេង និងមានការចូលរួមពីលោកអភិបាលស្រុកបាណន់ លោកមេឃុំភ្នំសំពៅ មេភូមិទាំង១០ និងក្រុមការងារមូលដ្ឋានផ្សេងទៀត បានអញ្ជើញធ្វើពិធីសាសនាបួងសួងលើខ្នងភ្នំសំពៅ ដើម្បីសុំសេចក្តីសុខជូនប្រជាពលរដ្ឋក្នុងឃុំទាំងអស់ និងបំពាក់ឯកសណ្ឋានសម្ភារ ជូនប្រជាការពារថ្មី៣២នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅក្នុងបរិវេណវត្តភ្នំសំពៅ ស្ថិតក្នុងឃុំភ្នំសំពៅស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំក្រុមការងារថ្នាក់ជាតិ និងសការី តែងបានធ្វើពិធីសាសនាជាច្រើន ដើម្បីបួងសួងសុំសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជូនប្រជាពលរដ្ឋក្នុងឃុំភ្នំសំពៅទាំងអស់ បានសុខសប្បាយ មានសុខភាពល្អ ធ្វើស្រែចម្ការបានទិន្នផលល្អ មានជីវភាពធូធារ ដល់ពួកគាត់ទាំងអស់គ្នាក្នុងឆ្នាំថ្មីនេះ។
បន្ទាប់មកលោកប្រធានក្រុមការងារ បានបន្តទៅសំណេះសំណាលក្នុងពិធីបំពាក់ឯកសណ្ឋាន និងសម្ភារជូនប្រជាការពារចំនួន៣២នាក់ នៅក្នុងបរិវេណវត្តភ្នំសំពៅ ដែលក្រុមប្រជាការពារទាំងនេះ បានចូលដោយស្ម័គ្រចិត្តមិនយកប្រាក់បៀវត្សរ៍នោះទេ។ ដោយឡែក ប្រជាការពារចាស់មានស្រាប់មានចំនួន៤២នាក់ សរុបមាន៧២នាក់ តែក្រោយចូលឆ្នាំរួចខាងមុខឆាប់ៗនេះ នឹងត្រូវរើសបន្ថែម២៨នាក់ទៀត ឲ្យបានគ្រប់១០០នាក់ ក្នុងឃុំទាំងមូលសម្រាប់ជាកម្លាំង និងជាជំនួនការដ៏សំខាន់មួយសម្រាប់សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំសំពៅ បានយ៉ាងល្អប្រសើរដើម្បីជួយការពារសុវត្តិភាពភូមិឃុំរបស់យើង។
លោកប្រធាន បានធ្វើការផ្តាំផ្ញើដល់ប្រជាការពាទាំងអស់ថា យើងត្រូវចេះសហការគ្នា មានសាមគ្គីភាពផ្ទៃក្នុងបានល្អ ដើម្បីផលប្រយោជន៍ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋយើងក្នុងមូលដ្ឋាន ពិសេសអនុវត្តឲ្យបាននបគោលនយោបាយភូមិឃុំមានសុវត្តិភាពជាចំបង។
លោក ហែម ថេង បានបញ្ជាក់ថា ដើម្បីអនុវត្តការងាររបស់ប្រជាការពារយើងទាំងថ្មីទាំងចាស់នោះ លោកប្រធានក្រុមការងារបានផ្តល់វិទ្យុទាក់ទងដល់ប្រជាការពារចំនួន១០០គ្រឿង សម្រាប់បង្កលក្ខណៈងាយស្រួល ក្នុងការទំនាក់ទំនងអនុវត្តការងារ។ នៅវេលាថ្ងៃត្រង់ថ្ងៃដដែលក្រុមការងារបានរៀបចំពិធីហូបបាយសាមគ្គី១ពេល ព្រមទាំងបានឧត្ថមថវិកាដល់ប្រជាការពារ ទាំងអស់ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀលផងដែរផងដែរ៕