Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារ ចុះជួយសង្កាត់ស្វាយរៀង ចែកសម្ភារប្រជាការពារភូមិ ដល់ប្រជាការពារ នៅសង្កាត់ស្វាយរៀង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

09-04-2018 12:54

(ស្វាយវៀង)៖ លោក កែរ រដ្ឋា អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយក្រុងស្វាយរៀង និងជាប្រធានក្រុមការងារបក្ស ចុះជួយសង្កាត់ស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងនាំយកស្បែកជើង ទៅចែកជូនដល់ប្រជាការពារភូមិ នៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ម្សិលមិញនេះ។

ថ្លែងនៅក្នុងពិធីនោះ លោក កែរ រដ្ឋា បានសំដែងនូវការកោតសរសើរ ដល់អាជ្ញាធរដែនដី និងក្រុមប្រជាការពារភូមិ ដែលបានរួមចំណែក ក្នុងការការពារសន្តិសុខ សុវត្ថិភាព ដល់ប្រជាពលរដ្ឋ បានល្អប្រសើរកន្លងមក។

លោក កែរ រដ្ឋា បានបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតចូលមកដល់ខាងមុខនេះ ដោយខេត្តស្វាយរៀង មានការរៀបព្រឹត្តិការណ៍ សង្ក្រាន្តស្វាយរៀង។

លោកបន្ដថា «ដើម្បីជាការអបអរសាទរបុណ្យចូលថ្មី ចំពោះការងារសន្តិសុខ សុវត្ថិភាព ពិតជាមានសារៈសំខាន់ណាស់ ដូច្នេះក្រុមប្រជាការពារភូមិ ត្រូវត្រៀមខ្លួនក្នុងការរួមចំណែក ការពារសន្តិសុខឲ្យបានល្អ ជាមួយកម្លាំងសមត្ថកិច្ច នៅក្រុងស្វាយរៀង»។ ជាមួយគ្នានោះ លោកក៏បានឧបត្ថមថវិកា ដល់ប្រជាការពារភូមិ ក្នុងម្នាក់ នៅថវិកា១ម៉ឺនរៀលផងដែរ។

ដោយឡែក នៅរសៀលថ្ងៃដដែល នៅមន្ទីរសុខាភិបាល ខេត្តស្វាយរៀង​ ក៏មានអបអរសាទរ ពិធីសូត្រមន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមានការចូលរួមលោក-លោកស្រី អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យ ខេត្ត, ប្រធាន OD ស្វាយរៀង និងមន្រ្តីរាជការទាំងអស់៕