(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងារប្រជាជនកម្ពុជា ចុះជួយស្រុករុក្ខគីរី ខេត្តបាត់ដំបង បានប្រកាសប្រាប់ ដល់ថ្នាក់នាំមូលដ្ឋានទាំងអស់ ត្រូវការពារទប់ស្កាត់ឲ្យខាងតែបាន រាល់ចលនាសង្គ្រោះជាតិខុសច្បាប់ ដែលមានគោលបំណងបង្អាក់មិនឲ្យមានការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខនេះ និងសូមផ្តាំផ្ញើទៅប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្ន កុំជឿការញុះញង់ កុំឲ្យគេអូសទាញបានដោយខុសច្បាប់ឲ្យសោះ ព្រោះវាអាចនាំឲ្យយើងមានជាប់ព័ន្ធទៅនិងច្បាប់រដ្ឋ ធ្វើឲ្យមានទោសទណ្ឌ ទៀតផង ។
ការណែនាំសារជាថ្មីរបស់មន្រ្តីនគរបាលជាន់ខ្ពស់ខាងលើនេះ ខណដែលលោកបានបានអញ្ជើញសម្ពោធសមិទ្ធិផលថ្មីជាការឆ្លើយតបក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ជូនប្រជាពលរដ្ឋ ខណៈដែលស្រុក មួយនេះ ធ្លាប់បានទទួលសមិទ្ធិផលលើគ្រប់វិស័យជាច្រើនកន្លងមក។
ក្នុងពិធីសម្ពោធសមិទ្ធិផលថ្មីនេះ បានធ្វើឡើងនៅចុងសប្តាហ៍នេះ ស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក ច័ន្ទ សុផល ទីប្រឹក្សារាជរដ្ឋាភិបាល ជាប្រធានគណៈកម្មាធិការបក្សប្រជាជនខេត្តបាត់ដំបង និងថ្នាក់ដឹកនាំបក្សមូលដ្ឋាន មន្រ្តីបក្សស្រុក ឃុំ ភូមិ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបទៀត។
នាក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ អគារបុស្តិ៍សុខភាពថ្មី ស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង និងផ្លូវ៣ខ្សែ មានប្រឡាយទឹកស្ថិត នៅក្នុងភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ខេត្តបាត់ដំបង លោក ច័ន្ទ សុផល បានក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់កុំជឿឃោសនាក្រុមចលនាខុសច្បាប់ឲ្យសោះ ព្រោះពួកនេះ បានត្រឹមតែដើរបំពុល បំផុសបំផុល បង្ខូចកេរ្តិ៍រាជរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះ ពួកគេមិនដែលបានជួយអ្វីប្រជាពលរដ្ឋឡើយក្រៅពីការញុះញង់ឲ្យស្អប់គ្នា។
លោក ច័ន្ទ សុផល បានបន្តថា អ្នកនយោបាយណាក៏ដោយ បើចង់ជាប់ឆ្នោត គឺត្រូវទៅធ្វើអំពើល្អ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តែអ្នកនយោបាយអគតិខ្មែរមួយចំនួន នៅស្រុកខ្មែរ បានចេញទៅក្រៅប្រទេស ធ្វើឲ្យប្រទេសជាតិខ្លួនឯង ប្រជាពលរដ្ឋខ្លួនឯង ជួបការលំបាកតាយរយៈ ពួកប្រឆាំងដើរឃោសនា ទៅអំពាវនាវដល់សហគមន៍អន្តរជាតិ មិនឲ្យទិញផលិតផលខ្មែរទៅវិញទេ។
នៅក្នុងសឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា បានណែនាំដល់ពលរដ្ឋទាំងអស់ត្រូវដឹងថា ការបញ្ចប់សង្រ្គាមទាំងស្រុង ខ្មែរតែមួយ សន្តិភាព និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់នូវហេដ្ឋា រចនាសម្ព័ន្ធនានា ដូចជា៖ ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ វត្តអារាម សាលារៀនជាដើម នាពេលបច្ចុប្បន្ន គឺបានមកពីស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា មិនមែនបានដោយសារពួកក្រុមប្រឆាំងខុសច្បាប់ ចង់បំផ្លាញជាតិឲ្យវិលត្រឡប់ទៅរកភ្លើងសង្រ្គាម ម្តងទៀតនោះទេ។ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងស្នាដៃធំជាច្រើននេះហើយ សូមបងប្អូនទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យជាប់ឆ្នោតបានដឹកនាំបន្តទៀត នឹងមានឱកាស និងអភិវឌ្ឍន៍ជូនប្រជាជនកាន់តែ មានការរីចម្រើនបន្ថែមទៀត។
ផ្លូវដែលសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ថិតក្នុងឃុំស្ដុកប្រវឹកទាំង៣ខ្សែ មាននៅភូមិព្រះអណ្ដូង ភូមិទួលគគីរ និងភូមិព្រៃអម្ពាន់ សរុបប្រវែង៤៥០០ម៉ែត្រ ចំណាយថវិកាចំនួន៥២ ៣៥០ ០០០ រៀល និងប្រឡាយទឹក១ខ្សែ ស្ថិតក្នុងភូមិព្រះអណ្ដូង ប្រវែង១៩០០ម៉ែត្រ ចំណាយថវិកាចំនួន៦៣ ៥០០ ០០០រៀល។
ដោយឡែកសមិទ្ធិផលដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់រួមមាន៖ អគារប៉ុស្តិ៍សុខភាពថ្មី ស្ថិតនៅឃុំបាសាក់នេះ សាងសង់ឡើង កាលពីចុងខែតុលា ឆ្នាំ២០១៧ ចំនួន១ខ្នង ទំហំ៤.៥០ម៉ែត្រ គុណនឹង១៣.៥០ម៉ែត្រ មាន៣បន្ទប់ រួមទាំងបរិក្ខាចំណាយថវិកាចំនួន១៩,៦០០ដុល្លារ និង៥,០០០,០០០រៀល ដែលថវិកាសាងសង់នេះ ជាការឧបត្ថម្ភរបស់នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុករុក្ខគិរី៕