(មណ្ឌលគិរី)៖ មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បានព្រមានចាត់វិធានការលើមន្ត្រីទាំងឡាយណា ដែលមានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ។ លោកឧត្តមសេនីយ៍ត្រីបានបន្ថែមថា «ប្រសិនអង្គភាពរកឃើញថា មន្រ្តីអាវុធហត្ថរូបណាជាប់ពាក់ព័ន្ធ និងជំនួញឈើខុសច្បាប់ ត្រូវរងចាត់ការតាមផ្លូវច្បាប់ ដោយពុំមានការយោគយល់នោះឡើយ»។
ការព្រមែនបែបនេះ បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរស័ក្តិជូនដល់នាយទាហាន នាយទាហានរង នៃកងកម្លាំងអាវុធហត្ថខេត្តមណ្ឌលគរីចំនួន២៨នាក់ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ។
លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បានប្រាប់ដល់មន្ត្រីអាវុធហត្ថគ្រប់ក្រុង-ស្រុកទាំងអស់ ត្រូវដកខ្លួនចេញឲ្យហើយ និងត្រូវជៀសឲ្យឆ្ងាយអំពីគ្រឿងញៀន និងបទល្មើសផ្សេងៗ ពិសេសរឿងបទល្មើសព្រៃ។
លោកបានជំរុញឲ្យប្រធានអង្គភាពនីមួយៗ ក្នុងបញ្ជាការដ្ឋាន ត្រូវតាមដានពីសកម្មភាព និងលក្ខណៈសម្បត្តិមន្ត្រីរបស់ខ្លួន និងសកម្មភាពការងារ មានសីលធម៌ មិនប្រព្រឹត្តអំពើពុករលួយ មិនត្រូវធ្វើអ្វីឲ្យខុសច្បាប់រដ្ឋ មានស្មារតីឧស្សាហ៍ព្យាយាម សកម្មការងារ និងមានស្នាដៃល្អ ក្នុងការកសាងអង្គភាព មានសាមគ្គីភាព និងទំនាក់ទំនងល្អ ជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងមានស្មារតីស្នេហាជាតិខ្ពស់ ជាពិសេសក្រោយពេលទទួលបានតួរនាទីភារកិច្ចថ្មីហើយ ត្រូវតែយកចិត្តទុកដាក់អនុវត្តតាមតួរនាទីរៀងៗខ្លួន។
សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីប្រកាស តែងតាំង ផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរស័ក្តិជូនដល់នាយទាហាន នាយទាហានរង នាព្រឹកថ្ងៃនេះ មានការតម្លើងឋានន្តរស័ក្តិ ដល់មន្ត្រីអាវុធខេត្តមណ្ឌលគិរីចំនួន២០នាក់, ផ្លាស់ប្តូរតួនាទីចំនួន៨នាក់ ក្នុងនោះថ្នាក់អនុសេនីយ៍ត្រីចំនួនម្នាក់, នាយចំណង់២នាក់ និងថ្នាក់ព្រិន្ទបាលទោចំនួន១៧នាក់៕