(ភ្នំពេញ)៖ រោងចក្រឧស្សាហកម្មនានា គេចមិនផុតពីការបំភាយកម្ដៅទៅក្នុងបរិយាកាស ដែលរឹតតែធ្វើឲ្យភពផែនដីឡើងកម្ដៅ។ ប៉ុន្តែរោងចក្រស្រាបៀរកម្ពុជាបានជ្រើសយកការបំពាក់ប្រព័ន្ធទាញយកថាមពលមកប្រើប្រាស់ឡើងវិញ ឬ Energy Recovery System ដើម្បីចូលរួមការពារការឡើងកម្ដៅរបស់ភពផែនដី។
ប្រព័ន្ធ Energy Recovery System ពាក្យបច្ចេកទ្ទេសគេហៅថា Equit Term មានន័យថា គឺជាប្រព័ន្ធមួយដែលប្រមូលថាមពលនៅក្នុងរោងចក្រ ដែលត្រូវបញ្ចេញចោល ប៉ុន្តែអត់បញ្ចេញចោល។ យើងប្រមូលវា ដើម្បីទុកប្រើប្រាស់ជាថាមពលនៅក្នុងរោងចក្ររបស់ស្រាបៀរឡើងវិញ។ «ឧទាហរណ៍ ពេលដែលស្ងោរ ស្ងោរពុះ អញ្ចឹងវាចេញជាចំហាយ។ ចំហាយហើរទៅបរិយាកាស ប៉ុន្តែអត់ឲ្យវាចូលទៅក្នុងបរិយាកាសទេ។ យើងប្រមូលកម្ដៅនៅក្នុងចំហាយហ្នឹង ដើម្បីស្ដុកទុកជាថាមពលនៅក្នុងធុង។ ហើយមួយទៀត ពេលដែលយើងស្ងោរទឹករងូហើយ ត្រូវការបញ្ចុះកម្ដៅឲ្យទាប ថាមពលពីការបញ្ចុះកម្ដៅពីក្ដៅមកទាប គឺប្រមូលវាទុកស្ងោរពេលបន្ទាប់ៗទៀត។
ប្រព័ន្ធទាញយកថាមពលមកប្រើប្រាស់ឡើងវិញនៅក្នុងរោងចក្រស្រាបៀរកម្ពុជា ត្រូវបាននាំយកមកពីប្រទេសអាល្លឺម៉ង់។ វាដំណើរការដោយទាញយកកម្ដៅពីប្រភពចំហាយធំពីរ។ ទីមួយទាញយកកម្ដៅពីចំហាយពីការស្ងោរទឹករងូ និងទីពីរទាញកម្ដៅពីចំហាយពីការបញ្ចុះសីតុណ្ហភាពទឹករងូ មកស្តុកទុកក្នុងធុង។ ចំហាយកម្ដៅ ដែលស្ដុកទុកនេះ នឹងបង្វែរទៅប្រើប្រាស់ក្នុងការស្ងោរស្រាបៀរវិញ។
តាមការឲ្យដឹងរបស់តំណាងក្រុមហ៊ុន ស្រាបៀរកម្ពុជា ថា «ប្រសិនបើយើងអត់ទាញយកថាមពលហ្នឹងមកប្រើប្រាស់ឡើងវិញទេ អញ្ចឹងចំហាយហ្នឹង នឹងភាយចូលក្នុងបរិយាកាស អញ្ចឹងវានឹងចូលរួមការឡើងកម្ដៅនៅក្នុងបរិយាកាសរបស់យើងដែរ»។
តាមរយៈការបំពាក់ប្រព័ន្ធទាញយកថាមពលមកប្រើប្រាស់ឡើងវិញនេះ រោងចក្រផលិតស្រាបៀរកម្ពុជាបានសន្សំសំចៃថវិកាមួយចំនួនពីការទិញយកប្រេងឥន្ទនៈមកផ្គត់ផ្គង់ម៉ាស៊ីន ដើម្បីផលិតចំហាយកម្ដៅសម្រាប់ស្ងោរស្រាបៀរ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងរិះរកមធ្យោបាយជាច្រើន ដើម្បីទាញយកថាមពលប្រើប្រាស់ឡើងវិញបែបនេះបន្ថែមទៀត មកប្រើប្រាស់ក្នុងរោងចក្ររបស់ខ្លួន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នទៅក្នុងបរិយាកាស និងចូលរួមការពារការឡើងកម្ដៅរបស់ភពផែនដី។
ប្រព័ន្ធនេះមិនជាថោកអ្វីប៉ុន្មានទេ វាថ្លៃដែរ ហើយរោងចក្ររបស់យើងក៏មិនមែនសំឡឹងមើលតែប្រាក់ចំណេញដែរ។ តែគោលដៅធំបំផុត ក្រុមហ៊ុនវិនិយោគលើប្រព័ន្ធនេះ ដើម្បីយើងជួយការពារបរិស្ថាន ការពារការបំផាយកម្ដៅចេញ ហើយកាត់បន្ថយការដុតប្រេង អញ្ចឹងនឹងចូលរួមការពារបរិស្ថានបានមួយចំនួនធំដែរ៕