(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងទេសចរណ៍ ក្នុងឱកាសផ្លាស់ចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២។
បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត នៅទីស្ដីក្រសួងទេសចរណ៍រួចហើយ រដ្ឋមន្ត្រី ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបន្តដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រព ប្រោះព្រំលើករាសី នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ស្ដែងចេញពីកិច្ចខិតខំរបស់លោករដ្ឋមន្ត្រី ថោង ខុន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងទេសចរណ៍ ពិសេសក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំថ្កុំថ្កើន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យទេសចរណ៍នៅកម្ពុជាកាន់តែមានការរីកចម្រើនជាលំដាប់ ក្នុងនោះទេសចរណ៍វប្បធម៌-ប្រវត្តិសាស្ត្រ ទេសចរណ៍ធម្មជាតិ ក៏ដូចជាទេសចរណ៍កែច្នៃជាដើម ត្រូវបានអភិវឌ្ឍន៍ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ តួយ៉ាងដូចជាតំបន់ស្ទឹងអារ៉ែងជាដើម ដែលពីមុនសឹងតែគ្មានអ្នកស្គាល់សោះ ប៉ុន្តែឥលូវនេះប្រជាពលរដ្ឋនៅទីនោះបានអះអាងថា «តំបន់ស្ទឹងអារ៉ែងពេលនេះ លែងឯកាដូចមុនទៀតហើយ»។
អ្វីដែលជាលទ្ធផលធំបំផុតផ្សេងទៀត ក្នុងវិស័យទេសចរណ៍នោះ គឺនៅក្នុងឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥.៦លាននាក់ កើនទ្បើង ១១.៨% នាំចំណូលជូនជាតិ ៣,៦៣៨ពាន់លានដុល្លាអាមេរិក និងបង្កើតការងារដោយផ្ទាល់ ៦២ម៉ឺននាក់ រួមចំណែក ១២.៣% នៃផលិតផលក្នុងស្រុក (GDP)។ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៨ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានជាង ១.១លាននាក់ កើនទ្បើង ១១.១%។
ជាមួយនឹងការខិតខំរៀងរាល់ថ្ងៃផងនោះ កម្ពុជារំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ នៅឆ្នាំ២០២០ ដែលនឹងនាំមកនូវប្រាក់ចំណូលសរុប ៥ពាន់លានដុល្លារ ព្រមទាំងបង្កើតការងារដោយផ្ទាល់ជិត ១លាននាក់ ហើយនៅឆ្នាំ២០៣០ កម្ពុជាគ្រោងនឹងទទួលទេសចរអន្តរជាតិ ១២លាននាក់។
ក្នុងកិច្ចការចូលរួមយ៉ាងសកម្មជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសេនាធិការដទៃទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០១៧ ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក (សម្បត្តិរូបិយ) របស់អង្គការយូណេស្កូ បន្ទាប់ពីប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ២០០៧ ដែលនេះគឺជាការចូលរួមលើកកម្ពស់កិត្យានុភាពកម្ពុជា លើជាឆាកអន្តរជាតិក្នុងវិស័យវប្បធម៌ និងទេសចរណ៍។ កម្ពុជាមានសម្បត្តិបេតិកភណ្ឌវប្បធម៌រូបិយចំនួន៣ រួមមាន៖ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក។
សូមជម្រាបថា សង្ក្រាន្តឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក នឹងចូលមកដល់នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ពុទ្ធសករាជ ២៥៦២ មហាសករាជ ១៩៤០ ចុល្លសករាជ ១៣៨០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០១៨ វេលាម៉ោង ៩៖១២នាទី។
១. ទេវតាឆ្នាំថ្មីព្រះនាម «មហោធរៈទេវី» ជាបុត្រីទី៧នៃកបិលមហាព្រហ្ម។
២. ទ្រង់គ្រឿងលម្អ និងផ្កាឈើ។
៣. អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត។
៤. ភក្សហារសាច់ទ្រាយ (សោយសាច់ឈ្លូស)។
៥. សាស្រ្ដាវុធ ព្រហស្ថស្ដាំកាន់កងចក្រ ព្រហស្ថឆ្វេងកាន់ត្រីសូល៍។
៦. ពាហណៈ ស្ដេចឈរបើកព្រះនេត្រលើខ្នងមយូរា (ស្ដេចក្ងោក)៕