(ក្រចេះ)៖ មានប្រជាពលរដ្ឋដែលរស់នៅខេត្តក្រចេះមួយគ្រួសារទៀតហើយ ទាមទារឱ្យលោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិហ៊ានចេញមុខទទួលខុសត្រូវចំពោះ មុខច្បាប់ ពាក់ព័ន្ធនឹងករណីចុះកិច្ចព្រមព្រៀងសន្យាកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត (ក្រចេះ, រតនគីរី, មណ្ឌលគីរី, ស្ទឹងត្រែង) ឱ្យទៅជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា ឬយួនដេហ្កា គ្រប់គ្រង។
ប្រតិកម្មរបស់ប្រជាពលរដ្ឋខេត្តក្រចេះ បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមរបស់ លោក សម រង្ស៊ី បានផ្ទុះចេញបន្ទាប់ពី សកម្មជនប្រឆាំងទម្លាយវីដេអូ នៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុនរវាងលោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា តាមបណ្តាញទំនាក់ទំនង Facebook កាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។
លោក ឡែម ជាអាជីវកររស់នៅក្រុងចិត្របុរី រួមទាំងប្រជាពលរដ្ឋខេត្តក្រចេះផ្សេងទៀត បានថ្លែងថា ពួកគាត់នៅក្នុងភូមិ មិនសប្បាយចិត្តនោះទេ ដែលដឹងថា លោក សម រង្ស៊ី មេក្រុមប្រឆាំង លួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីដែលពួកគាត់រស់នៅ ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ានោះ ហើយប្រជាពលរដ្ឋពេលនេះ មានការឈឺចាប់ខ្លាំងណាស់។
ប្រជាពលរដ្ឋខេត្តក្រចេះ បានបន្តថា ពួកគាត់មិនដែលស្គាល់ជនជាតិភាគតិចម៉ុងតាញ៉ានេះទេ ហើយជនជាតិភាគតិចនេះ ក៏មិនមែនរស់នៅកម្ពុជាដែរ គឺជាជនជាតិភាគតិចរបស់វៀតណាម។ ប្រជាពលរដ្ឋបានចាត់ទុកថា ការកាត់ដីឱ្យទៅជនជាតិទាំងនេះគ្រប់គ្រងរបស់ លោក សម រង្ស៊ី គឺជាទង្វើក្បត់ជាតិ ហើយពួកគាត់ស្នើឱ្យតុលាការកាត់ទោសលោក សម រង្ស៊ី ឱ្យបានធ្ងន់ធ្ងរបំផុត។
ប្រជាពលរដ្ឋខេត្តក្រចេះ បាននិយាយថា «ខ្ញុំសូមឱ្យតុលាការកាត់ទោស លោក សម រង្ស៊ី ទៅតាមច្បាប់ ព្រោះបុគ្គលនេះថ្លើមធំណាស់ ហ៊ានធ្វើកិច្ចសន្យាកាត់ទឹកដីយកទៅឱ្យគេ។ មិនទាន់ដឹងស្អីផង ហ៊ានចុះកិច្ចព្រមព្រៀងកាត់ខេត្ត៤ទៅឱ្យគេទៅហើយ ចុះបោះជាប់ឆ្នោតទៀតមិនដឹងជាយ៉ាងណា អស់តែម្តង២៥ ខេត្តក្រុង»។
ពួកគាត់បានបន្តថា «ខ្ញុំមិនគាំទ្រឱ្យ លោក សម រង្ស៊ី មកធ្វើនយោបាយទៀតទេ ព្រោះបុគ្គលនេះ មានតែញុះញង់ឱ្យខ្មែរបែកបាក់ ជននេះជាជនបំផ្លាញជាតិ ក្បត់ជាតិតត្រកូលតែម្តង ក្បត់តាំងពីឪរហូតដល់កូន គឺមានចរឹតមួយបំផ្លាញជាតិខ្មែរ»។
ពលរដ្ឋខេត្តក្រចេះ បាននិយាយថា លោក សម រង្ស៊ី មិនបានធ្វើអ្វីមួយ ឱ្យកើតចេញជាសមិទ្ធផលទេ មានតែបង្កចលាចលនៅក្នុងស្រុកទេសរបស់កម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ៕