(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ បានបញ្ចប់វគ្គសន្សំពិន្ទុជើងទី១ សប្ដាហ៍ទី៤ ហើយ មុនសម្រាកការប្រកួតបណ្ដោះអាសន្ន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាចុងសប្ដាហ៍នេះ។ ប៉ុន្ដែបើក្រឡេកមើលតារាងពិន្ទុបណ្ដោះអាសន្នវិញ បច្ចុប្បន្នកំពុងមានភាពតានតឹងយ៉ាងខ្លាំង ពិសេសតំបន់កៅអី ៤ក្រុមកំពូលតារាង (Top-4)។
គិតត្រឹមសប្ដាហ៍ទី៤ ក្រុមណាហ្គាវើល បានឡើងឈរកំពូលតារាងជាមួយក្រុមការពារតំណែងជើងឯកបឹងកេត ប៉ុន្ដែក្រុមខ្លាំងទាំងពីរមាន ១០ពិន្ទុស្មើគ្នា គ្រាន់តែខុសគ្រាប់បាល់ចំណេញ ១គ្រាប់ប៉ុណ្ណោះ។ រីឯក្រុមក្រសួងការពារជាតិបានឈរលេខ៣ ដោយមាន៩ពិន្ទុ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺមាន៣ក្រុមកំពុងកាន់ ៧ពិន្ទុស្មើគ្នា ឈរពីលេខ៤ ដល់លេខ៦ រួមមានក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ, វិសាខា និងក្រុមភ្នំពេញក្រោន ដែលជាសម្ពាធមួយក្នុងការប្រកួតបន្ទាប់របស់ក្រុមនីមួយៗ ដើម្បីប្រជែងកៅអី Top-4 ជាថ្មី តួយ៉ាងដូចជាក្រុមវិសាខា និងក្រុមភ្នំពេញក្រោនជាដើម។
ខាងក្រោមនេះ គឺជាលទ្ធផល និងតារាងពិន្ទុបណ្ដោះអាសន្នត្រឹមសប្ដាហ៍ទី៤ នៃពានមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨៖