(ភ្នំពេញ)៖ សមាជិកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ចំនួន២រូប គឺលោកស្រីជា ច័ន្ទទេវី និងលោក សួន មានត្រូវបានរដ្ឋសភា បោះឆ្នោតគាំទ្រឱ្យធ្វើជាសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ។
សមាជិកទាំង២នេះ នឹងត្រូវចូលកាន់តំណែងព្រឹទ្ធសភា នាពេលខាងមុខ ជាមួយនឹងសមាជិកព្រឹទ្ធសភា៥៨រូប មកពីគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យក្នុងការបោះឆ្នោត និង២រូបទៀត ត្រូវបានតែងតាំងដោយ ព្រះមហាក្សត្រ បរមនាថ នរោត្តម សីហមុនី។
សូមបញ្ជាក់ថា តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា របស់កម្ពុជា បានឱ្យដឹងថា សមាជិកព្រឹទ្ធសភា មានចំនួនពាក់កណ្តាលនៃសមាជិករដ្ឋសភា ពោលគឺ៦២រូបសម្រាប់អាណត្តិថ្មីនេះ ក្នុងនោះមាន២រូប ត្រូវបានជ្រើសតាំងដោយ ព្រះមហាក្សត្រ ២រូបត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា និង៥៨រូបទៀត ត្រូវដាក់ឱ្យបោះឆ្នោតដោយ សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ និងសមាជិករដ្ឋសភា ដែលជាអង្គបោះឆ្នោត៕