(ភ្នំពេញ)៖ សមត្ថកិច្ចនគបាលការិយាល័ព្រហ្មទណ្ឌកំរិតស្រាល ស្នងការនគបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ និងកាបូបស្ពាយតាមដងផ្លូវរបស់ប្រជាពលរដ្ឋ ចំនួន២ករណី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ តុលា ដាវុធ ហៅពុយ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យបឹងត្របែក ថ្នាក់ទី១១(ក១) ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ទី២៖ ឈ្មោះ ឡេង សុផា ហៅប៊យ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាវ៉េសឡាញ ថ្នាក់ទី១១ (ក២) ស្នាក់នៅផ្ទះលេខ៧ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ WANG YU ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរពាណិជ្ជករ កាន់លិខិតឆ្លងដែនលេខ-E៩៩២៤៣៧៧៤ ស្នាក់នៅសណ្ឋាគារបាលី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចខាងមុខ មជ្ឈមណ្ឌលកំសាន្ដរ៉ុក លើផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ និងកាបូបស្ពាយតាមដងផ្លូវរបស់ប្រជាពលរដ្ឋ ចំនួន២ករណី។

សមត្ថកិច្ចបានបញ្ជាក់ថា សំណុំរឿងនេះស្ថិតនៅក្រោមចំណាត់ការរបស់លោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារងអមអយ្យសាលាដំបូងរាជធានីភ្នំពេញ៕