(កំពត)៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត «ម្លេច» ដែលមានទីតាំងនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តកំពត អាជ្ញាធរដែនដី និងប្រជាពលរដ្ឋស្រុកជុំគីរី និងបងប្អូនជានាយទាហាន និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ១១ យ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទីថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨។
ថ្លែងក្នុងពិធីនេះ លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាត «ម្លេច» នេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត ដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ផ្អែកទៅតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានចាត់ចែងអនុវត្តដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សំដៅឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតំបន់នេះ រាប់ទាំងប្រជាពលរដ្ឋដែលនៅភូមិសាស្រ្តជិតខាងក្បែរនេះ នៃខេត្តតាកែវផងដែរ។ លើសពីនេះ ក៏បានជួយបំពេញនូវសេចក្តីត្រូវការផ្នែកទឹកស្អាតជូនដល់កងទ័ពរបស់យើងក្នុងកងពលតូចអន្តរាគមន៍លេខ១១ ដែលកំពុងឈរជើងការពារ ថែរក្សាសុខសន្តិភាព ជាមួយនឹងការអភិវឌ្ឍនៅតំបន់នេះទៀតផង។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ជាមួយនឹងក្តីនឹករលឹកជាអនេកពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្តកំពត រដ្ឋបាលស្រុកជុំគីរី ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំរួមចំណែករក្សាការពារសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ ស្ថិរភាពសង្គម ស្ថិរភាព នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើគ្រប់វិស័យ ធ្វើឱ្យយើងអាចសម្រេចបាននូវអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ។
លោកទេសរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាត «ម្លេច» ដែលយើងកំពុងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅពេលនេះ ក៏អាចនិយាយបានថា ជាសំណង់ប្រវត្តិសាស្ត្រមួយសម្រាប់តំបន់នេះ ដែលតាំងពីសម័យកាលដ៏យូរអង្វែងហើយនោះ ពុំធ្លាប់មានរោងចក្របែបនេះទាល់តែសោះ។ ការដែលយើងសម្រេចបាននូវការបើកការដ្ឋានសាងសង់នៅពេលនេះ គឺឆ្លងកាត់ដំណាក់កាលសិក្សាជាយូរបង្គួរ និងជាលទ្ធផលដែលកើតចេញពីការធ្វើពលិកម្មរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យកាត់ផ្ទៃដីចំនួន ៣ហិកតា ចេញពីផែនទីដីបម្រុងទុកអចិន្ត្រៃយ៍ឆ្នាំ២០០២ ដើម្បីប្រើប្រាស់ធ្វើជាទីតាំងសម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅទីនេះ រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់មន្រ្តីជំនាញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខេត្តកំពត រួមទាំងមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មទៀតផង។
ជាមួយនឹងការបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ម្លេច នេះ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នើដល់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបន្ដយកចិត្តទុកដាក់ និងសហការថែមទៀតលើបញ្ហាមួយចំនួនដូចជា៖
-ការពង្រីកបណ្ដាញផ្គត់ផ្គង់ទឹកស្អាតឱ្យកាន់តែមានវិសាលភាពទូលាយ និងធានាគុណភាពទឹកប្រើប្រាស់ ដើម្បីជួយរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគឺជួយកាត់បន្ថយការឆ្លងជំងឺតាមរយៈការប្រើប្រាស់ទឹកមិនស្អាត។
-គិតគូររក្សាតម្លៃទឹកឱ្យនៅសមរម្យអាចទទួលយកបាន ដើម្បីប្រជាពលរដ្ឋយើងមានលទ្ធភាពប្រើប្រាស់ទឹកស្អាតតាមគ្រួសារនីមួយៗ។
-ការគិតគូរអំពីការរក្សាការពារនិរន្តរភាពប្រភពទឹកក្នុងទំនប់ម្លេច ដោយត្រូវមានវិធានការច្បាប់សមស្របដើម្បីការពារតំបន់រងទឹកភ្លៀងទំនប់ម្លេចនេះពីការបំពុលទឹក និងការទន្រ្ទានកាន់កាប់ណាមួយ ដើម្បីអាចគ្រប់គ្រងទឹកសម្រាប់ប្រើប្រាស់បានយូរអង្វែង។
-រួមគ្នាជួយថែរក្សាការពារសមិទ្ធផលថ្មីនេះ ឱ្យបានគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅយើងជំនាន់ក្រោយៗ។
សូមបញ្ជាក់ផងដែរថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ដែលមានសមត្ថភាពផលិតទឹកស្អាតចំនួន២.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃនេះ នឹងបានដោះស្រាយបញ្ហាការខ្វះទឹកស្អាតប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋប្រមាណ ៤០.០០០នាក់ ស្មើប្រហាក់ប្រហែល ១០.០០០គ្រួសារ រស់នៅក្នុង៖
- ឃុំច្រេស ឃុំជំពូវន្ត ឃុំស្រែសម្រោង និងឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត
- ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត
- ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ
និងក៏សម្រាប់ផ្តល់លទ្ធភាពដល់កងទ័ព ព្រមទាំងគ្រួសារកងទ័ពនៅតំបន់នោះ បានប្រើប្រាស់ទឹកស្អាតប្រកបដោយគុណភាពផងដែរ៕