(កំពត)៖ ថ្លែងក្នុងឱកាសនៃពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត «ម្លេច» ដែលមានទីតាំងនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នេះ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានគូសបញ្ជាក់ថា ដោយសារប្រទេសមានសុខសន្តិភាពពេញលេញ ទើបយើងមានឱកាសអភិវឌ្ឍវិស័យទឹកស្អាតឱ្យមានវិសាលភាពកាន់តែធំ ទាំងនៅទីក្រុង និងជនបទ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា ជាការពិត សមិទ្ធផលទាំងឡាយ ប្រាកដជាមិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការខិតខំប្រឹងប្រែងរួមគ្នា គ្មានគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ជាក់ស្ដែង គោលនយោបាយ «ឈ្នះ ឈ្នះ» របស់ សម្ដេចតេជោ បាននាំមកនូវឯកភាពជាតិ សុខសន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេសដែលពុំធ្លាប់មានក្នុងរយៈកាលកន្លងមកនៃប្រវត្តិសាស្ត្រកម្ពុជា ហើយដែលសន្តិភាព និងស្ថិរភាពនយោបាយនេះ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។

ដោយឡែក ទាក់ទងនឹងវិស័យទឹកស្អាត ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់ ដោយមានការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ ដោយបានផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍវិស័យទឹកស្អាតនៅតំបន់ទីប្រជុំជន ជូនដល់ប្រជាពលរដ្ឋឱ្យទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ តាមរយៈការពង្រីកសមត្ថភាពផលិត និងលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍នានាក្នុងការវិនិយោគលើវិស័យនេះ។ ជាក់ស្តែង អត្រាផ្គត់ផ្គង់ទឹកស្អាតតាមប្រព័ន្ធបណ្តាញក្នុងតំបន់ទីប្រជុំជនបានកើនឡើងពី ៦៨,៥% នៅឆ្នាំ២០១២ ដល់ ៨៥,៨៤% នៅឆ្នាំ២០១៧ ដែលគិតជាចំនួនគ្រួសារមានទឹកស្អាតប្រើប្រាស់ គឺកើនពី ៤០០.១៨១គ្រួសារ ដល់ ៧២៤.១៣៤គ្រួសារ និងមានបរិមាណផលិតទឹកស្អាតនៅទូទាំងប្រទេស (ទាំងអង្គភាពផលិតទឹកសាធារណៈរាជធានី ខេត្ត និងឯកជន) ក្នុងរយៈពេល ៥ឆ្នាំ (២០១៣-២០១៧) មានចំនួន ១.១២៥លានម៉ែត្រត្រីគុណ។ បើគិតលើបរិមាណផ្គត់ផ្គង់ទឹកស្អាតឆ្នាំ២០១៧ ធៀបនឹងឆ្នាំ២០១៣ គឺកើនខ្ពស់ជាងដល់ទៅប្រមាណ ៦០%។ លើសពីនេះ កាលពីខែឧសភាឆ្នាំមុន ក្រសួងបានដាក់ចេញនូវគោលការណ៍កំណត់ថ្លៃលក់ទឹកស្អាតជាថ្មីឡើងវិញ ដែលបង្ហាញពីការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ អ្នកមានចំណូលទាប រួមទាំងបងប្អូនក្មួយៗកម្មករ សិស្ស និស្សិត ដែលជួលផ្ទះគេស្នាក់នៅ ហើយនៅកន្លែងខ្លះ មុខសញ្ញាខ្លះ រដ្ឋាករទឹកសាធារណៈបានលក់ទឹកស្អាតក្រោមតម្លៃដើមទៀតផង។

ទន្ទឹមនឹងនេះ ក្រសួងក៏បាន និងកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីមួយ ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតដែលផ្តោតលើវិសាលភាពគ្រប់គ្រងក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងគោលបំណងផ្ដល់ទំនុកចិត្ត និងបង្កើនប្រសិទ្ធភាពសេវាផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន ទាក់ទាញការវិនិយោគពីផ្នែកឯកជន និងក៏ជាមូលដ្ឋានបង្កើតក្របខណ្ឌគតិយុត្តដើម្បីគ្រប់គ្រង បង្កើនចំណូលរដ្ឋ ផ្ដល់សុខុមាលភាពសាធារណៈ និងសង្គម។ ប៉ុន្តែទោះបីយើងសម្រេចបាននូវវឌ្ឍនភាពជាច្រើនក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត បើធៀបទៅនឹងរយៈពេល ៥ឆ្នាំមុនយ៉ាងណាក៏ដោយ ក៏បញ្ហាប្រឈមធំៗមួយចំនួន នៅតែជាចំណោទដែលត្រូវដោះស្រាយប្រកបដោយភាពស្មុគស្មាញ ជាពិសេសបញ្ហាប្រភពទឹកសម្រាប់ការធ្វើផលិតកម្មផ្គត់ផ្គង់ទឹកស្អាត ដែលកន្លែងខ្លះនៅខ្វះខាតទាំងស្រុង ហើយកន្លែងខ្លះមានដែរ តែមិនទាន់ធានាបាននិរន្តរភាព, កន្លែងខ្លះទៀតជួបប្រទះនឹងបញ្ហាជាតិពុលក្នុងទឹក ដែលធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹក។ មិនតែប៉ុណ្ណោះ ទុនវិនិយោគលើវិស័យផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងឯកជនក៏នៅតែជួបការលំបាកខ្វះខាត មិនទាន់ឆ្លើយតបបានតាមគម្រោងអភិវឌ្ឍន៍។

ដូចនេះ ការពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាត ពិតជាមិនងាយស្រួល និងងាយធ្វើ តាមតែពាក្យនិយាយនោះទេ តែត្រូវមានផែនការ យុទ្ធសាស្រ្ត និងកម្មវិធីការងារជាអាទិភាពច្បាស់លាស់ និងត្រូវការជាចាំបាច់មិនអាចខ្វះបាននូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋយើងនៅគ្រប់មូលដ្ឋាន។

គួររំលឹកផងដែរថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាត «ម្លេច» ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់ក្នុងថ្ងៃនេះ មានសមត្ថភាពផលិតទឹកស្អាតចំនួន២.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ នឹងបានដោះស្រាយបញ្ហាការខ្វះទឹកស្អាតប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋប្រមាណ ៤០.០០០នាក់ ស្មើប្រហាក់ប្រហែល ១០.០០០គ្រួសារ រស់នៅក្នុង៖
- ឃុំច្រេស ឃុំជំពូវន្ត ឃុំស្រែសម្រោង និងឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត
- ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត
- ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ
និងក៏សម្រាប់ផ្តល់លទ្ធភាពដល់កងទ័ព ព្រមទាំងគ្រួសារកងទ័ពនៅតំបន់នោះ៕