(សៀមរាប)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង ១៥៖៤៤នាទីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន Diamond Construction បានកាយដីរៀបការរ៉ូឡាប៉ះខ្សែកាបបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី ធ្វើឲ្យដាច់ចរន្តអគ្គិសនីជាច្រើនកន្លែងនៅក្នុងក្រុងសៀមរាប។
តែទោះជាយ៉ាងណាក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៧៖៤៨នាទីល្ងាច។ អគ្គិសនីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។
អគ្គិសនីកម្ពុជា ក៏បានសូមការយោគយល់អធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនីនេះដោយក្តីអនុគ្រោះផងដែរ៕