(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន នៅតែបន្តទទួលបានអត្ថប្រយោជន៍ ជារៀងរាល់ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជា ទោះបីតិចក្តីច្រើនក្តី។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងបែបនេះ ខណៈលោក បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ចំនួន ៤៩៦ នាក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ។
បន្ថែមពីលើនេះ រដ្ឋមន្រ្តី វង សូត បានលើកឡើងថា បងប្អូនអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជនទាំងអស់ សុទ្ធតែបានចូលរួមចំណែកជួយដល់សង្គមកម្ពុជា និងជួយឲ្យប្រទេសជាតិមានសុខសន្តិភាព។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបន្តឲ្យដឹងថា យើងត្រូវទទួលស្គាល់ថា ប្រទេសជាតិ យើងនាពេលបច្ចុប្បន្ននេះ មានសុខសន្តិភាពពេញលេញ ហើយបាននឹងកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយឡែក បងប្អូនដែលជានិវត្តន៍ជន អាចនិយាយបានថា សុទ្ធតែជាអ្នកបានរួមចំណែកយ៉ាងសកម្ម ក្នុងការបម្រើជាតិ មាតុភូមិ តាំងពីគ្រាលំបាក រហូតមកដល់ពេលបច្ចុប្បន្ននេះ ដូចនេះហើយ យើងត្រូវតែមានមោទនភាពថា យើងមានស្ថានភាពដូចសព្វថ្ងៃនេះ មិនមែនជារឿងសាមញ្ញានោះទេ។
លោក វង សូត បន្ថែមថា បច្ចុប្បន្ននេះ បងប្អូនទទួលបានការយកចិត្តទុកដាក់ច្រើនពីរាជរដ្ឋាភិបាល ហើយបន្ថែមពីលើនេះ បងប្អូនក៏ទទួលបានប្រាក់ឧបត្ថម្ភជាច្រើន តាមរយៈការតំឡើង និងផ្តល់ប្រាក់ឧបត្ថម្ភផ្សេងៗទៀតជាច្រើនរាល់ឆ្នាំ ទោះបីតិចក្តីច្រើនក្តី។
ក្រោយចប់ពិធីសំណេះសំណាលបានបញ្ចប់ រដ្ឋមន្រ្តី វង សូត ក៏បានផ្តល់ក្រមារ ម្នាក់ៗ និងថវិកា ៥០,០០០ រៀល ជូនដល់ អតីតមន្រ្តីរាជការស៊ីវិល និងអតីតុទ្ធជនដែលបានចូលរួមផងដែរ៕
\