(កំពង់ចាម)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែមេសា ឆ្នាំ២០១៨នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកព្រៃឈរ បាននាំយកអំណោយជាថវិកាមួយចំនួន ប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិចំនួន ១៣ (១ភូមិទទួលបាន ២០ម៉ឺនរៀល) នៅក្នុងឃុំបារាណ៍ ស្រុកព្រៃឈរ ដើម្បីរៀបចំកម្មវិធីកំសាន្តអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានពាំនាំប្រសាសន៍ផ្តាំសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី បានលើកយកសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ដូចជាការរក្សាកំណើនសេដ្ឋកិច្ច៧% ក្នុងរយៈពេល ២ទសវត្សរ៍ និងការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រទាក់ទាញវិនិយោគិន ឲ្យចូលមកបណ្តាក់ទុននៅកម្ពុជា ដែលបានសម្រួលដល់ការធ្វើពិពិធកម្មឱកាសការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយសម្រួលធុរកិច្ចវិស័យឯកជន ការរៀបចំលិខិតបទដ្ឋានគតិយុត្តិ ការលុបបំបាត់របាំងបច្ចេកទេសពាណិជ្ជកម្ម ការចរចាស្វែងរកទីផ្សារថ្មីៗបន្ថែម និងការអភិវឌ្ឍសង្វាក់តម្លៃផលិតផលអទិភាព តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចជាដើម។
លើសពីនេះលោក ប៉ាន សូរស័ក្តិ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ខិតខំយកទុកចិត្តទុកដាក់ពង្រឹងសន្តិសុខ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ និងបានឡើងចាប់រង្វាន់អនុស្សាវរីយ៍ជាសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ និងប្រជាការពារ ដែលមានវត្តមានចូលរួមកម្មវិធីផងដែរ៕