(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំនៅពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខិតជិតចូលមកដល់គេតែងឃើញតាមក្រសួង មន្ទីរ ដែលជាស្ថាប័នរដ្ឋ ក៏ដូចជាអង្គភាពស្ថាប័នរបស់ឯកជន និងលំនៅឋាននានាផងដែរ តែងបាននាំគ្នារៀបចំឲ្យមានពិធីលោតរបាំត្រុដិ ដើម្បីដេញឧបទ្រពចង្រៃ និងនាំមកលាភសំណាង ជោគជស័យសិរីសួស្តីសម្រាប់ឆ្នាំថ្មី។
តើការសម្ដែងរបំាត្រុដិ ក្នុងរដូវបុណ្យចូលឆ្នំាខ្មែរមានអត្ថន័យយ៉ាងណា?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ចំពោះរបំាត្រុដិដែលយកមកសម្ដែងក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ គឺមានអត្ថន័យសំដៅដល់ការជួយសង្រ្គោះមនុស្សលោកឲ្យរស់ឆ្លងផុតពីឆ្នាំចាស់ ឈានចូលឆ្នាំថ្មីឲ្យមានសិរីសួស្ដីនេះឯង។ ពីព្រោះពាក្យ «ត្រុដិ» ជាភាសាសំស្រ្ដឹត «ដំណើរកាត់ ឬកាត់ផ្ដាច់»។ ដូច្នេះរបំាត្រុដិ មានន័យថា «ការផ្ដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី» នេះឯង។
ស្ថិតក្នុងន័យនេះដែរ ចំពោះវង់របំាត្រុដិ ដែលមានសត្វព្រៃ ជាអាទិ៍៖ ប្រើស ទន្សោង ក្ងោក ជាដើមនោះក្នុងការយកមកសម្ដែង ដើម្បីឲ្យអ្នកស្រុកប្រោះព្រំជាប្រេងម្សៅ ចងដៃអំបោះកម្រង ឬ ដាក់ជាបច្ច័យលុយកាក់ដល់របំាត្រុដិដូចយើងឃើញនេះ គឺស្ថិតក្នុងប្រព័ន្ធជំនឿខ្មែរ ស្ដីអំពីការធ្វើបុណ្យរំដោះគ្រោះក្នុងពេលនេះឲ្យស្រេចតែម្ដងផង និងជាការសុំពរជ័យពីសត្វទំាងនេះវិញផងដែរ។ ដោយហេតុថា នៅក្នុងប្រព័ន្ធជំនឿខ្មែរ គេយល់ថានៅភូមិ ឃុំ ស្រុកណា បើមានសត្វព្រៃចូលស្រុកហើយ នឹងកើតឧបទ្រពចង្រៃបែបណាមួយមិនខាន។
បើដូចនេះចំពោះការសម្ដែងរបំាត្រុដិក្នុងរដូវបុណ្យចូលឆ្នាំថ្មីនេះ គេមានជំនឿថា ប្រសិនបើមានសត្វព្រៃចូលក្នុងភូមិ ឃុំ ស្រុកនៅថ្ងៃណាមួយខាងមុខ គេក៏បានធ្វើពិធីនេះរួចស្រេចទៅហើយផងដែរ។ បើដូច្នេះគេជឿថា គ្មានឧបទ្រពអ្វីកើតទ្បើងទៀតទេ។ ត្រង់នេះហើយ គឺជាអត្ថន័យដ៏វិសេសវិសាលរបំាត្រុដិក្នុងការសម្ដែងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។
លោក រត្ន័ សណ្ដាប់ បន្ដថាស្ថិតក្នុងន័យនេះផងដែរ បើពិនិត្យអំពីអត្ថន័យរបំាត្រុដិនេះទៀតសោត យើងនឹងឃើញដូចជាអាទិ៍៖
- យក្ស ឬអ្នកបរបាញ់៖ ជាអទិទេពភ្លៀងក្នុងការជួយសង្រ្គោះស្រោចស្រង់ជីវិតមនុស្សលោក ដែលត្រូវពួកអសុរៈបំផ្លាញ ហើយពពួកអទិទេពចុះមកជួយសង្រ្កោះនិងបង្កើតភពថ្មីមួយក្នុងឆ្នាំថ្មី
- មនុស្សព្រៃ៖ ជាបុព្វការីជនខ្លួនជឿលើអធិធម្មជាតិ
- ក្ងោក៖ ជាយានជំនិះអទិទេពព្រះស្ដនៈ ជាសត្វតំណាងឲ្យព្រះអាទិត្យ
- ប្រើស៖ តំណាងឲ្យភាពរំាងស្ងូតហួតហែង គេចាត់ទុកជាពួកអសុរៈ សត្វនំាចង្រៃ ឬមារ
- ត្រី៖ ជាប្រាក់បច្ច័យសប្បុរសជន ជាលោកធាតុដែលទាក់ទងពិភពកំណើតត្រី ឬពិភពក្រោមដីសម្រាប់ទ្រទ្រង់ជីវិតមនុស្ស
- ចង្រ្កង៖ ជាគន្លងគោចរព្រះអាទិត្យ
- កញ្ជារ៖ ជាឧបករណ៍បុកផ្ទប់ដីចេញសម្លេង គឺដើម្បីដាស់អារុក្ខអារក្សអ្នកតាឲ្យជួយបណ្ដេញខ្មោចព្រាយបិសាច ដែលមានបំណងអាក្រក់ដោយមហិឫទ្ធិរិទ្ធិមន្ដអាគមគាថា
- ស្គរ៖ ជាអ្នកជួយសង្រ្គោះ។
បើដូចនេះចំពោះការសម្ដែងរបំាត្រុដិ ដូចយើងឃើញចុងក្រោយតែសម្លាប់សត្វប្រើសនោះ គឺក្នុងន័យបញ្ចប់នៅភាពរីងស្ងូត ហើយនំាមកនូវទឹកភ្លៀងគ្រប់គ្រាន់បរិបូណ៍សម្រាប់បម្រើដល់ប្រជាកសិករក្នុងវិស័យកសិកម្មនេះឯង៕