(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានធ្វើសកម្មភាពយ៉ាងសកម្មបម្រើប្រយោជន៍ជូនបងប្អូនអតីតយុទ្ធជន និងដោះស្រាយរាល់បញ្ហាប្រឈមរបស់អតីតយុទ្ធជន។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងកោតសរសើរ និងវាយតម្លៃចំពោះសកម្មភាពរបស់សមាគមអតីតយុទ្ធក្នុងឱកាសដែលរូបលោកអញ្ជើញជួបសំណេះសំណាលជាមួយកម្លាំងប្រដាប់អាវុធឈរជើងក្នុងខេត្តចំនួន ១៤កងឯកភាព និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជន ១,០០០នាក់ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ម្សិលមិញនេះ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានរាយការណ៍ពីកិច្ចខិតខំយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ដែលបានជំរុញយន្តការសមាគមមានដំណើរការល្អប្រសើរ។ ពិសេសរយៈពេលជាង ២ ឆ្នាំចុងក្រោយនេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ សម្រេចបានលទ្ធផលគួរកត់សម្គាល់មានជាអាទិ៍ការបើកផ្តល់ប្រាក់មរណសង្រ្គោះ បានទាន់ចំថ្ងៃបុណ្យសពសមាជិក, ការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសមាជិកទាំងអស់ តាមក្រុង ស្រុក ទូទាំងខេត្ត, ការគិតគូរសាងសង់ផ្ទះជូនអតីតយុទ្ធជនលំបាកខ្វះខាត, ការគ្រប់គ្រងដីសម្បទានសង្គមកិច្ចរបស់រដ្ឋ ត្រៀមបែងចែកជូនបងប្អូនដើម្បីបានអាស្រ័យផល និងការពង្រឹងការគ្រប់គ្រងសមាជិក នៅមូលដ្នាន ឃុំ ភូមិ តាមរយៈ ការរៀបចំសៀវភៅ បញ្ជីគ្រប់គ្រងឲ្យបានច្បាស់លាស់ជាដើម។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា តាមសកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តន៍គោលនយោបាយជាតិសម្រាប់អតីតយុទ្ធជន របស់រាជរដ្ឋាភិបាលកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានហៅសកម្មភាពដ៏សកម្មរបស់សមាគមអតីតយុទ្ធជនកម្ពុជា បានឆ្លើយតប និងដោះស្រាយបានទាន់ពេលវេលាចំពោះទុក្ខលំបាករបស់អតីតយុទ្ធជន ដែលសុទ្ធជាអ្នកបានសាងគុណបំណាច់យ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ។
ទោះបីជាយ៉ាងណាឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលមានអតីតភាពជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទដែរនោះ បានណែនាំដល់ចៅសង្កាត់ជាប្រធានកិត្តិយស និងប្រធានប៉ុស្តិ៍រដ្ឋបាលជាប្រធានសាខា សមាគមសង្កាត់ទាំងអស់ ត្រូវបន្តធ្វើអំពើល្អ និងសហការ ផ្តល់អាទិភាព ជួយដល់អតីតយុទ្ធជន និងគ្រួសារ ក្នុងមូលដ្ឋានខ្លួននីមួយៗឲ្យទទួលបានសេវាសាធារណៈនានា ដូចជាការទទួលបានជំនួយសង្រ្គោះបន្ទាន់ ការផ្តល់ដីសម្បទានសង្គមកិច្ច ការស្តារលទ្ធភាពពលកម្ម កាយសម្បទា ការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ និងការចូលរួមសកម្មភាពសង្គមផ្សេងៗជាដើម។
សូមបញ្ជាក់ថា អតីតយុទ្ធជនក្រុងសេរីសោភ័ណ ដែលចូលរួមនៅរសៀលថ្ងៃនេះត្រូវ ទទួលបានមេដាយថ្នាក់មាសចំនួន ៨គ្រឿង ប្រាក់ ១៦៨គ្រឿង និងសំរិទ្ធ ៦៩៣គ្រឿង៕