(កណ្ដាល)៖ នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ តំណាងនាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញចុះសាកសួរសុខទុក្ខអតីតយុទ្ធជន និងនិវត្តន៍ជន៤៦០នាក់ នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។
នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានសំដែងនូវការកោតសរសើរចំពោះស្នាដៃរបស់អតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់កន្លងមកបានបូជាកម្លាំងកាយចិត្តសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុបម្រើការពារជាតិមាតុភូមិសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ និងរក្សាបូរណភាពទឹកដីបានគង់វង្សរហូតដល់សព្វថ្ងៃនេះ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែចងចាំ និងគោរពដឹងគុណនូវគំរូវីរៈភាពរបស់បងប្អូនជានិច្ច។
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជននិងនិវត្តន៍ជនទាំងអស់ជាប្រចាំ មិនទុកឲ្យបងប្អូនរស់នៅឯកកោឡើយ តាមរយៈសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងសប្បុរជននានាផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគថ្នាំពេទ្យ និងថវិការមួយចំនួនព្រមទាំងបានជួយសាងសង់ផ្ទះជូន ដល់អតីតយុទ្ធជនមួយចំនួនរាប់រយខ្នងផងដែរ។
នាយឧត្តមសេនីយ៍ បានលើកឡើងថា ប្រទេសជាតិមានសុខសន្តិភាពរក្សាបានបូរណពទឹកដី មានបង្គោលព្រំដែនច្បាស់លាស់ជាមួយប្រទេសជិតខាង និងការអភិវឌ្ឍលើគ្រប់វិស័យដល់សព្វថ្ងៃនេះ មួយចំណែកបានមកដោយសារការយកសាច់ស្រស់ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន និងការបូជាជីវិតរបស់យុទ្ធជនវីរៈជនស្នេហាជាតិជាច្រើនរូប និងការដឹកនាំដ៍ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន។ ប្រទេសមានសន្តិភាពទើបមានការអភិវឌ្ឍដូចនេះ ត្រូវការពារតម្លៃសុខសន្តិភាព ដែលមាននាបច្ចុប្បន្ននេះឲ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបដិវត្តពណ៌នៅកម្ពុជា ចូលរួមថែរក្សាសមិទ្ធផលនានាក្នុងសង្គមជាតិ និងសូមអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នាដើម្បីបន្តការគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីជារៀងរហូតបន្តការអភិវឌ្ឍប្រទេសជាតិឲ្យឆាប់បានរីកចម្រើន។
ក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនអតីតយុទ្ធជន និងនិវត្តន៍ជន៤៦០នាក់ ម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី២កេសតូច ត្រីខ២យួរប៊ីចេង១កញ្ចប់ និងថវិកា៥មុឺនរៀលផងដែរ៕