(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បើកមហាសង្ក្រានឆ្នាំថ្មី ដើម្បីបង្កការសប្បាយរីករាយដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ជា ស៊ីមត្បែងមានជ័យទាំងអស់ ដែលបានផ្តួចផ្តើមប្រារព្ធពិធីសង្ក្រានឆ្នាំថ្មី នៅពេលនេះក៏ដូចជាឆ្នាំកន្លងមក ពិធីដែលប្រារព្ធធ្វើនៅពេលនេះ គឺក្នុងគោលបំណងចង់ សិស្សានុសិស្ស ទទួលបានភាពរីករាយ ស្និទស្នាលមិត្តភាពរវាងគ្នានឹងគ្នា ហើយពិសេសជាងនេះ គឺចង់រំលឹក ថែរក្សាប្រពៃណីវប្បធម៌ដ៏ផូរផង់ ក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលដូនតាបានបន្សល់ទុក និងត្រូវបន្តថែរក្សាអភិរក្សនូវល្បែងប្រជាប្រិយខ្មែរ ក៏ដូចជាចង្វាក់រាំប្រពៃណីខ្មែរ។
លោកអភិបាលខេត្តព្រះវិហារ បានលើកឡើងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន កាន់តែមានការអភិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យកត់សម្គាល់ យ៉ាងណាមិញខេត្តព្រះវិហារ ក៏មានការរីកចម្រើន ដែលកត្តានេះផ្តើមចេញមកពីការរួបរួមសហការគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត បើគ្មានការសហការគ្នាទេ ខេត្តព្រះវិហារ ក៏គ្មានការរីកចម្រើនដូចសព្វថ្ងៃនេះទេ ដូច្នេះទាំងអស់គ្នាត្រូវតែខិតខំបន្ថែមទៀត ធ្វើយ៉ាងណាឲ្យខេត្តព្រះវិហារ ក្លាយជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របតាមទីតាំងទេសចរណ៍សម្បូរបែប។
សូមបញ្ជាក់ថា សង្ក្រាន្ដឆ្នាំថ្មីនៅវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ក៏មានការរៀបចំតាំងពិព័រណ៍លក់ដូរទំនិញផ្សេងៗផងដែរ។ លើសពីនេះ បានរៀបចំល្បែងប្រជាប្រិយឲ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានលេងកំសាន្ត និងបានរាំលេងកំសាន្តចង្វាក់ប្រជាប្រិយខ្មែរ ដោយភាពស្និទស្នាល ហើយលោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន២លានរៀល និងទឹកសុទ្ធ៥០ផងដែរ៕