(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាត់ឬសសីមា និងសម្ពោធព្រះវិហារថ្មី នៅវត្តសុវណ្ណគង្គាឡ ស្ថិតក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងខេត្ត ស្រុក ក្រុង និងមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
លោក កែ គឹមយ៉ាន បានគូសបញ្ជាក់ថា ក្រោមយុទ្ធសាស្រ្តឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននាំសុខសន្តិភាព សណ្តាប់ធ្នាប់ ការអភិវឌ្ឍន៍លើគ្រប់វិស័យជូនប្រទេសជាតិទាំងមូល ទាំងអាណាចក្រ និងពុទ្ធចក្រ ក្នុងនោះវិស័យពុទ្ធចក្រ ត្រូវបានស្តារឡើងវិញ ពីគំនរផេះផង់ដែលបានបំផ្លិចបំផ្លាញពីរបបវាលពិឃាតអាវខ្មៅ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី បានថ្លែងនូវការកោតសរសើរចំពោះសប្បុរសជន និងក្រុមការងារទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល កសាងនូវសមិទ្ធផលខាងវិស័យពុទ្ធចក្រឲ្យមានការរីកចម្រើន និងបានថ្លែងអំណរគុណចំពោះមន្រ្តីរាជការ នៃមន្ទីរជំនាញនានា អាជ្ញាធរដែនដីសមត្ថកិច្ចពាក់ព័ន្ធ ដែលបានរួមចំណែកក្នុងការកសាងសមិទ្ធផលព្រះវិហារនេះឡើង និងសូមសំណូមពរដល់ពុទ្ធបរិស័ទទាំងអស់ រួមគ្នាថែទាំសមិទ្ធផលទ្រព្យសម្បត្តិ និងសំណង់នានាមាននៅក្នុងវត្តអារាមឲ្យបានគង់វង្ស។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បាននាំយកនូវអំណោយជាបច្ច័យប្រគេន និងផ្តល់ជូនរួមមាន៖ លោកតា លោកយាយ អាយុពី៧០ឆ្នាំឡើង ទៅចំនួន៦១០នាក់ ក្នុង១នាក់ទទួលបាន ឃីត១កញ្ចប់, ប្រគេនបច្ច័យសម្រាប់កសាងវត្តចំនួន៣០លានរៀល, ជូននគរបាលថវិកា៥០ម៉ឺនរៀល, ជូនអាវុធហត្ថស្រុកថវិកា៥០ម៉ឺនរៀល, ជូនប្រជាការពារថវិកា៥០ម៉ឺនរៀល និងជូនកងពលលេខ៥១ ថវិកា៥០រៀល និងបានបំពាក់គ្រឿងឥស្សរិយយសប្រគេនព្រះសង្ឃ និងសប្បុរសជនជាច្រើននាក់៕