(ស្វាយរៀង)៖ លោក សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង បានលើកឡើងថា នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមកនាំនូវខ្មែរតែមួយ សុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
ការលើកឡើងរបស់លោក សៅ សុខា ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមសម្ពោធសមិទ្ធផលនានា និងកាត់ឫសសីមាព្រះវិហារ វត្តទង់រាជថ្មី ស្ថិតនៅក្នុងភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ៥០០នាក់ ចំណាយថវិកាសាងសង់ជិត៦០០លានរៀល។
ក្នុងឱកាសនោះ លោក សៅ សុខា បាននាំនូវការសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋដែលបានមកចូលរួម ពីការនឹករលឹក និងក្តីស្រឡាញ់ ហើយលោកបានបញ្ជាក់ថា អ្នកដែលធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមានតែសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។
លោកបានថ្លែងថា វិស័យពុទ្ធចក្ររីកចម្រើនទៅបានអាស្រ័យវិស័យអាណាចក្ររីកចម្រើនដែរ ពោលគឺត្រូវតែដើរទន្ទឹមគ្នា ដែលមិនអាចខ្វះមួយណាបានឡើយ ដូច្នេះយើងត្រូវរក្សាការពារសន្តិភាពនេះឲ្យរស់ស្ថិតស្ថេរយូអង្វែង ដើម្បីមានឱកាសអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន។
បន្ថែមពីនេះ លោក សៅ សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា គឺគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិបន្តទៀត គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីមាននាំនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ទៀត៕