(ភ្នំពេញ)៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឬស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានចេញមកប្រកាសឲ្យក្រុមអាជីវករលក់ដូរគ្រប់ប្រភេទ ហាមដាច់ខាតមិនអនុញាតឲ្យមានការយកចំណីចិញ្ចើមផ្លូវទៅធ្វើអាជីវកម្មផ្ទាល់ខ្លួន នាំឲ្យកកស្ទះចរាចរណ៍ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈបានឡើយ ហើយបើមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរនោះទេ នឹងមានវិធានការរដ្ឋបាលតាមផ្លូវច្បាប់ ដោយរុះរើមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ។
លោកអភិបាលរងខណ្ឌឬស្សីកែវ បានចាត់ឲ្យអាជ្ញាធរសង្កាត់ និងមន្ត្រីពាក់ព័ន្ធ ចាប់ពីថ្ងៃទី៨ ខែមេសាតទៅ ពោលគឺនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនិងត្រូវចូលមកដល់ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ត្រូវទំនាក់ទំនងសហការជាមួយក្រុមហ៊ុន ស៊ិន ទ្រី ផ្នែកប្រមូលរាល់កាកសំណល់សំរ៉ាមផ្សេងៗ ក្នុងការធ្វើអនាម័យបរិស្ថាន ដើម្បីលើកម្ពស់សោភ័ណ្ឌភាពទីក្រុងស្អាត និងធ្វើឲ្យការរស់នៅរបស់យើងគ្រប់គ្នា ប្រកបដោយផាសុខភាពល្អ។
ការប្រកាសចាត់វិធានការ របស់អភិបាលរងខណ្ឌឬស្សីកែវ លោក ស៊ូ សោគន្ធ ខាងលើនេះយ៉ាងដូច្នេះ បានធ្វើឡើងក្នុងពេលដឹកនាំកម្លាំងចម្រុះជាច្រើននាក់ ចុះទៅរុះរើតូបលក់ដូររបស់ក្រុមអាជីវករចេញ ដែលកំពុងបំពានច្បាប់រំលោភលើចំណីចិញ្ចើមផ្លូវ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយ និងណែនាំហាមឃាត់ចំពោះក្រុមអាជីវករឲ្យបញ្ឈប់ជាបន្ទាន់ រាល់ការយកចិញ្ចើមផ្លូវមកដាក់តាំងលក់ដូរទំនិញផ្សេងៗ ស្របតាមការដឹកនាំពីលោកអភិបាលខណ្ឌ ជា ពិសី និងដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពទៅតាមផែនការពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨។
លោក ស៊ូ សោគន្ធ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌឬស្សីកែវ កាលពីពេលកន្លងមកនេះ បានចេញសេចក្តីណែនាំឲ្យបញ្ឈប់ រាល់ការយកចិញ្ចើមផ្លូវ ការតសំយ៉ាបផ្ទះ ទៅធ្វើអាជីវកម្មខុសច្បាប់ នាំឲ្យស្ទះចរាចរណ៍ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ខណៈប្រជាពលរដ្ឋមួយចំនួន ជាម្ចាស់លំនៅដ្ឋាន ម្ចាស់សហគ្រាស ម្ចាស់ហាង ម្ចាស់អាជីវកម្ម មន្ទីរពេទ្យ សាលារៀន ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជនផ្សេងទៀត បាននិងកំពុងប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវមិនទាន់បានសមស្របទាំងស្រុង ឬដោយបំពានលើច្បាប់បញ្ញត្តិច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសបំពានលើបទបញ្ញត្តិមួយចំនួន នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីផ្លូវថ្នល់ ច្បាប់ និងបទដ្ឋានគតិយុត្តដែលអនុវត្ត ក្នុងវិស័យនគរូបនីយកម្ម និងសំណង់»។
ព្រមទាំងបានចាត់ទុក អំពើរំលោភបំពានទាំងនេះមានជាអាទិ៍ ការយកទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវធ្វើជាចំណតយានជំនិះ ការតសំយ៉ាប ការហ៊ំព័ទ្ធយកចិញ្ចើមផ្លូវ ការយកផ្លូវថ្មើរជើង ឬចិញ្ចើមផ្លូវធ្វើទីតាំងការដ្ឋានទុកដាក់សម្ភារ ឬដាក់តាំងបង្ហាញទំនិញ ដើម្បីប្រកបអាជីវកម្មផ្សេងៗ ជាលក្ខណៈឯកជន បានបង្កឲ្យមានការកកស្ទះចរាចរណ៍ និងជះឥទ្ធិពលអវិជ្ជមាន ដល់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញ៕