(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជាង១១ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាព។
ក្នុងដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជាចំខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ក្រៅពីជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន ហើយនោះ លោករដ្ឋមន្ត្រីការបរទេសជប៉ុន និងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុ នៃការពិភាក្សាស្ដីពីការផ្ដល់ជំនួយឥតសំណង និងកម្ចីសម្រាប់អភិវឌ្ឍន៍លើគម្រោងសំខាន់ៗចំនួនពីរ ដែលមានទឹកប្រាក់សរុបជាង ៩០លានដុល្លារអាមេរិក។ ការចុះហត្ថលេខានេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន តែម្តង។