(ព្រះសីហនុ)៖ មុនចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ចេញពីកម្ពុជា ធ្វើដំណើរទស្សកិច្ចទៅកាន់ ខេត្តហៃណាន ប្រទេសចិន នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ជាថ្មីម្តងទៀត បានឆ្លើយតបទៅនឹងការលើកឡើង នូវទស្សនៈអវិជ្ជមានមួយចំនួន ចំពោះវត្តមានជនជាតិចិនច្រើន នៅខេត្តព្រះសីហនុ ដែលថានាំមកនូវភាពរញ៉េរញ៉ៃ និងបញ្ហាអសន្តិសុខដល់សង្គមប្រទេសជាតិនោះ ត្រូវបានលោកអភិបាលខេត្ត យល់ឃើញថា ការលើកឡើងនេះ ជាគំនិតអវិជ្ជមានរបស់ជនមួយចំនួនតូចប៉ុណ្ណោះ ដែលមិនបានមើលឃើញពីផលវិជ្ជមានដ៏ធំធេង។
លោកអភិបាលខេត្តលើកឡើងថា មិនថាកម្ពុជា ឬប្រទេសណានោះឡើយ គឺស្វាគមន៍ចំពោះជនបរទេសមកវិនិយោគច្រើន មិនថាជនជាតិចិន អាមេរិក ឬបារាំងឡើយ គឺស្វាគមន៍ទាំងអស់ឲ្យតែមានបំណងមកកម្ពុជា ប៉ុន្តែទន្ទឹមនឹងនេះ អាជ្ញាធរត្រូវមានវិធានការអនុវត្តន៍ច្បាប់ ឲ្យបានតឹងរឹងចំពោះជនបរទេសទាំងនោះផងដែរ ដោយគោរពទៅតាមច្បាប់របស់កម្ពុជា។
លោក យន្ត មីន បានលើកឡើងថា ចំពោះជនបរទេស ដែលរស់នៅខេត្តព្រះសីហនុ អាជ្ញាធរខេត្ត រួមទាំងកម្លាំងសមត្ថកិច្ច បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងជនបរទេសទាំងនោះ។
លោកបានថ្លែងយ៉ាងដូច្នេះថា «មិនមែនតែចិនទេ អាមេរិក បារាំងឲ្យតែចូលមកច្រើន គឺលុយក៏ច្រើន រឿងក៏ច្រើនដូចតែគ្នា សំខាន់យើងត្រូវចេះច្រិចយកអ្វី ដែលជាប្រយោជន៍ដល់សង្គមយើង។ អ្នកណាមានរឿងយើងដោះស្រាយតាមហ្នឹង យើងមានតុលាការ យើងមានប៉ូលិស យើងមានប៉េអឹម ជនបរទេសណាដែលធ្វើខុសខ្លាំង យើងដាក់ទោសខ្លាំង នរណាដែលអប់រំបាន យើងអប់រំដោះស្រាយ។ ដូច្នេះរឿងដែលលើកឡើងថា ចិនមកច្រើនរឿងច្រើន នាំឲ្យមានបញ្ហាដល់ខេត្ត ខ្ញុំគិតថា វាមិនមែនជារឿងធំដុំ ដែលយើងសម្រាប់យើងទេ យើងត្រូវមើលអ្វីដែលវិជ្ជមានសម្រាប់យើង ហើយបើអវិជ្ជមានយើងដោះស្រាយ ត្រូវតែអនុវត្តច្បាប់របស់យើងឲ្យតឹងរឹង គឺវាអាចរក្សាបាននូវស្ថិរភាព សុវត្ថិភាពជូនបងប្អូន ប្រជាពលរដ្ឋយើងហើយ»។
លោក យន្ត មីន ក៏បានបញ្ជាក់ថា ករណីជនជាតិបរទេសរស់នៅខេត្តព្រះសីហនុនេះ អាជ្ញាធរបានប្រើប្រាស់ច្បាប់កម្ពុជា គ្រប់គ្រងពួកគេបានយ៉ាងល្អ។ លោកថា វត្តមានរបស់វិនិយោគិន និងអ្នករកស៊ីចិននៅខេត្តព្រះសីហនុ បានចូលរួមលើកកម្ពស់សេដ្ឋកិច្ច នៅខេត្តព្រះសីហនុកាន់តែខ្លាំង បង្កើតនូវការងារ ជូនប្រជាពលរដ្ឋជាច្រើន ដោយមានសណ្ឋាគារ រោងចក្រថ្មីៗជាច្រើន បង្កើតឡើងជាបន្តបន្ទាប់។
ពាក់ព័ន្ធបញ្ហាជនជាតិចិន រស់នៅច្រើននេះដែរ រដ្ឋាភិបាលចិន ធ្លាប់បានអះអាងដាច់អហង្ការថា ខ្លួនពុំអនុញ្ញាតឲ្យប្រជាជនរបស់ខ្លួន ប្រើប្រាស់ទឹកដីកម្ពុជា ប្រព្រឹត្តបទល្មើសដែលនាំឲ្យខូចប្រយោជន៍ ដល់ប្រទេសចិន និងកម្ពុជាឡើយ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក ស្យុង បូ ដែលតំណាងឲ្យរដ្ឋាភិបាលចិន បានថ្លែងយ៉ាងដូច្នេះក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងនៅក្នុងស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ថា «ភាគីចិននិងកម្ពុជា មានមតិស្រុះស្រួលគ្នាកម្រិតខ្ពស់ យើងពុំអនុញ្ញាតឲ្យជនណាមួយប្រើប្រាស់ទឹកដីកម្ពុជា ប្រព្រឹត្តសកម្មភាពល្មើសច្បាប់ ដែលនាំឲ្យខូចប្រយោជន៍របស់ប្រទេសចិន និងប្រជាជនចិនទេ»។ លើសពីនេះ លោកឯកអគ្គរដ្ឋទូត ក៏បានអំពាវនាវដល់សមត្ថកិច្ចកម្ពុជា ធ្វើការអនុវត្តច្បាប់ឲ្យបានតឹងរឹងបំផុត ចំពោះជនជាតិចិនណា ដែលបង្កនូវបញ្ហាអសន្តិសុខ នៅលើទឹកដីប្រទេសកម្ពុជា។
សូមជម្រាបថា អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន នៅព្រឹកថ្ងៃទី០៨ ខែមេសានេះ បានដឹកនាំប្រតិភូរបស់រដ្ឋបាលខេត្តព្រះសីហនុ ធ្វើទស្សកិច្ចទៅកាន់ខេត្តហៃណាន ប្រទេសចិនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់១១ ខែមេសា ឆ្នាំ២០១៨។ គោលបំណងដំណើរទស្សនកិច្ចនោះ ត្រូវបានលោកអភិបាលខេត្តបញ្ជាក់ថា ដើម្បីចូលរួមក្នុងវេទិកាអាស៊ី ប៉អាវ ឆ្នាំ២០១៨ និងដើម្បីប្រជុំរៀបចំផែនការ សម្រាប់ការចងសម្ព័ន្ធមេត្រីរវាងខេត្តហៃណាន ប្រទេសចិន ជាមួយខេត្តព្រះសីហនុ របស់កម្ពុជា៕